ប្រទេសម៉ារ៉ុក ត្រូវបានគេរាយការណ៍ថាបានបង្កើនការតវ៉ារបស់ខ្លួនជុំវិញការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations (AFCON) ដ៏ច្របូកច្របល់ ជាមួយនឹងការដាក់ញត្តិជាផ្លូវការប្តឹងទៅ FIFA និងសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) ទាមទារឱ្យដកហូតពានរង្វាន់ និងរង្វាន់ដែលផ្តល់ឱ្យ ប្រទេសសេណេហ្គាល់។

យោងតាម beIN Sport ចេញផ្សាយនាថ្ងៃសុក្រទី២៣ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា៖ សហព័ន្ធបាល់ទាត់រាជវង្សម៉ារ៉ុក (FRMF) បានដាក់បណ្តឹងដោយ ផ្អែកលើមាត្រា៨២ នៃបទប្បញ្ញត្តិ ដែលបានចែងថាក្រុមដែលដកខ្លួនចេញពីទីលានប្រកួតត្រូវបានចាត់ទុកថាចាញ់។ ប្រទេសម៉ារ៉ុកបានអះអាងថាការសម្រេចចិត្តរបស់សេណេហ្គាល់ក្នុងការចាកចេញពីទីលានក្នុងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រគឺពិតជាមានន័យថាជាការដកខ្លួនចេញ ដោយមិនគិតពីការវិលត្រឡប់ចូលទីលានវិញរបស់កីឡាករនៅទីបំផុតនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅចុងម៉ោងធម្មតា នៅពេលដែលអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យដល់ក្រុមម្ចាស់ផ្ទះ។គ្រូបង្វឹកក្រុមសេណេហ្គាល់ លោក Pape Thiaw បានប្រតិកម្មដោយកំហឹងចំពោះការសម្រេចចិត្តនេះ ដោយណែនាំកីឡាកររបស់គាត់ឱ្យដើរចេញពីទីលានដើម្បីតវ៉ា។ ទោះជាមានភាពចម្រូងចម្រាស់បែបនេះក្តី នៅទីបញ្ចប់ក្រុមសេណេហ្គាល់ទទួលបានពានក្នុងជ័យជម្នះ ១-០៕
ប្រភព៖ beIN Sport