ខ្សែការពារ Lucas Hernandez របស់ក្លិប Paris Saint-Germain និងក្រុមជម្រើសជាតិបារាំង បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដោយឈ្នះពានរង្វាន់ចំនួនប្រាំមួយក្នុងអាជីពជាលើកទីពីរ។ នៅក្នុងឆ្នាំ ២០២៥ Hernandez បានលើកពានរង្វាន់ធំៗចំនួនប្រាំមួយជាមួយក្លិបយក្សបារាំងខាងលើ គឺពានរង្វាន់ Trophee des Champions, Ligue 1, Coupe de France, UEFA Champions League, UEFA Super Cup និង Intercontinental Cup ក្លាយជាកីឡាករដំបូងគេដែលសម្រេចបាននូវសមិទ្ធផលនេះពីរដង បន្ទាប់ពីធ្លាប់ធ្វើបានលើកទី១ នៅឆ្នាំ ២០២០ ជាមួយ Bayern Munich។

Paris Saint-Germain ក៏ជាក្លិបទី៣ ដែលឈ្នះពាន ៦ ក្នុងមួយរដូវកាលផងដែរ បន្ទាប់ពី FC Barcelona (២០០៩), Bayern Munich (២០២០) និង Paris Saint-Germain (២០២៥)។ ទោះបីមិនមែនជាកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក៏ដោយ ប៉ុន្តែ Hernandez បានបង្ហាញឱ្យឃើញពីគុណភាព និងភាពធន់របស់គេជាប់លាប់នៅលើសមរភូមិវាលស្មៅ។ គេក៏បានយកឈ្នះលើរបួសធំៗចំនួនពីរដងក្នុងអាជីពដោយបានវិលត្រឡប់ទៅកាន់ក្រុមកំពូលៗម្តងហើយម្តងទៀត។ ទោះបីជាគេមិនមែនជាកីឡាករដែលចាប់ផ្តើមទៀងទាត់នៅក្នុងការប្រកួតធំៗបំផុតរបស់ក្លិប PSG តែក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុមផងដែរ៕
