ជំនួសឲ្យការប្រកួត ២ឆ្នាំម្តង ពានរង្វាន់ Africa Cup of Nations នឹងប្តូរទៅប្រកួតបួនឆ្នាំម្តងវិញ ចាប់ពីឆ្នាំ២០២៨។នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក លោក Patrice Motsepe បានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០២៥។ ពានរង្វាន់ Afcon ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងចាប់តាំងពីឆ្នាំ១៩៦៨។ ការផ្លាស់ប្តូរនេះនឹងកើតឡើងបន្ទាប់ពីការប្រកួតឆ្នាំ២០២៧នៅប្រទេសកេនយ៉ា តង់ហ្សានី និងអ៊ូហ្គង់ដា។

លោក Motsepe បាននិយាយថា ការសម្រេចចិត្តនេះធ្វើឲ្យកាន់តែប្រសើរឡើងជាមួយនឹងប្រតិទិនសកល និងសម្របសម្រួលជាមួយប្រធាន FIFA លោក Gianni Infantino។ បន្ថែមពីនេះយើងមានរចនាសម្ព័ន្ធថ្មីដ៏គួរឱ្យរំភើបបំផុតសម្រាប់បាល់ទាត់អាហ្វ្រិក”។ ប្រតិទិនសកលត្រូវតែមានភាពស៊ីសង្វាក់គ្នា និងសុខដុមរមនាជាងមុន។ ជាមួយគ្នានេះដែរ CAF ក៏បានបង្កើនប្រាក់រង្វាន់ Afcon ដោយអ្នកឈ្នះឥឡូវនេះនឹងទទួលបាន ១០លានដុល្លារ កើនឡើងពី ៧លានដុល្លារ។ លើសពីនេះ លីគជាតិអាហ្វ្រិកនឹងត្រូវបានណែនាំចាប់ពីឆ្នាំ ២០២៩ ដោយដំណើរការជារៀងរាល់ឆ្នាំរវាងខែកញ្ញា និងខែវិច្ឆិកា។លោក Motsepe បានបន្ថែមថា “យើងនឹងមានការប្រកួតលំដាប់ពិភពលោកជារៀងរាល់ឆ្នាំ៕
