យោងតាមការស្ទង់មតិទៅលើកីឡាការិនី ៤០៧ នាក់មកពី ៤១ ប្រទេស របស់សហព័ន្ធអន្តរជាតិ នៃសមាគមកីឡាករបាល់ទាត់អាជីពហៅកាត់ថា FIFPro ដែលបានធ្វើឡើងនៅចន្លោះខែសីហា និងខែតុលាបានរកឃើញថាកីឡាការិនី ៦៦ ភាគរយរកបានប្រាក់ចំណូលតិចជាង ២០០០០ ដុល្លារក្នុងមួយឆ្នាំ ខណៈកីឡាការិនីបាល់ទាត់ ៤៩ ភាគរយរកបានប្រាក់ចំណូលតិចជាង ១០០០០ ដុល្លារ។

ក្លិបនៅតែជាប្រភពចំណូលចម្បង បន្ទាប់ពីក្រុមជម្រើសជាតិ ប៉ុន្តែមួយភាគបួននៃកីឡាការិនីបាល់ទាត់នៅតែត្រូវទទួលយកការងារបន្ថែមក្រៅពីអាជីពបាល់ទាត់។ ជាមួយគ្នានេះដែរ របាយការណ៍ក៏បានបង្ហាញដែរថា ៣៣% នៃកីឡាការិនី ដែលត្រូវបានស្ទង់មតិបានចុះកិច្ចសន្យាជាមួយក្លឹបរយៈពេលមួយឆ្នាំ ឬតិចជាងនេះ ហើយ ២២% មិនមានកិច្ចសន្យាអ្វីទាំងអស់។ លើសពីនេះកីឡាករ ៥៨% បាននិយាយថា ការសម្រាកមុនការប្រកួតអន្តរជាតិគឺខ្លីពេក ខណៈដែល ៥៧% បាននិយាយដូចគ្នាអំពីការសម្រាករយៈពេលខ្លី បន្ទាប់ពីការប្រកួត៕