ប្រាក់រង្វាន់ ​World Cup ២០២៦ ​​តិចជាង Club World Cup
19-December-2025

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃពុធ ថាម្ចាស់ពានបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងទទួលបានប្រាក់រង្វាន់៥០ លានដុល្លារពីប្រាក់រង្វាន់សរុបចំនួន ៦៥៥ លានដុល្លារ ។ តួលេខនេះបានកើនឡើង បើប្រៀបធៀបទៅនឹងប្រាក់រង្វាន់បាល់ទាត់ពិភពលោក ២០២២ ដែលម្ចាស់ជើងឯកអាហ្សង់ទីនទទួលបាន៤២លានដុល្លារ និងម្ចាស់បារាំងទទួលបាន ៣៨ លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតិចជាងពាក់កណ្តាលដែលក្លិប Chelsea រកបានសម្រាប់ការឈ្នះពានរង្វាន់ Club World Cupដែលមិនសូវមានការចាប់អារម្មណ៍ច្រើន។ ក្រុម Chelsea ទទួលបានប្រាក់រង្វាន់ធំរហូតដល់ ១២៥ លានដុល្លារសម្រាប់ការប្រកួតមួយដែលប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីកីឡាករ និងលីគ។

ប្រាក់រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ World Cup ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា បានកើនឡើង ៤៨.៩% ពី ៤៤០ លានដុល្លារសម្រាប់ការប្រកួតឆ្នាំ ២០២២ នៅប្រទេសកាតាទៅ ៦៥៥ លានដុល្លារ។ ប្រាក់រង្វាន់សរុបឆ្នាំ ២០២៦ នឹងមានចំនួនជិតប្រាំមួយដងនៃប្រាក់រង្វាន់ ១១០ លានដុល្លារសម្រាប់ព្រឹត្តិការណ៍ Women’s World Cup ឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ប្រធាន FIFA លោក Gianni Infantino ក្នុងឆ្នាំ ២០២៣ បានកំណត់គោលដៅប្រាក់រង្វាន់ស្មើគ្នាសម្រាប់បុរស និងស្ត្រីនៅក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់របស់ពួកគេ។ការប្រកួតបាល់ទាត់ពិភពលោកនារីបន្ទាប់ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៧ នៅប្រទេសប្រេស៊ីល៕

ប្រភព៖ AP