(English) រដ្ឋាភិបាល​ហ្គាបុង ព្យួរក្រុមជម្រើសជាតិ និង​បណ្តេញ Aubameyang ចេញពីក្រុម
០៣-មករា-២០២៦

(English) រដ្ឋាភិបាលហ្គាបុងបានប្រកាសព្យួរក្រុមជម្រើសជាតិ បណ្តេញគ្រូបង្វឹក និងបានដកលោកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ចេញពីក្រុម បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ទាំងបីប្រកួតក្នុងវគ្គចែកពូលនៃការប្រកួនពានរង្វាន់ Africa Cup of Nations។ រដ្ឋមន្ត្រីក្រសួងកីឡាហ្គាបុងបានប្រកាសតាមកញ្ចក់ទូរទស្សន៍អំពីការព្យួរក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយនៅក្នុងពូល F និងធ្លាក់ចេញពីការប្រកួត Africa Cup of Nations នៅប្រទេសម៉ារ៉ុក។

ដោយសារ​ការ​បរាជ័យរបស់​ក្រុមនៅ​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ ផ្អាក​ក្រុម​ជម្រើស​ជាតិ​  បណ្តេញគ្រូបង្វឹក រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម និង​ដក​កីឡាករ២រូបគឺ Bruno Ecuele Manga និង Pierre-Emerick Aubameyang ចេញតែម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​កីឡា​ស្តីទីលោក Simplice-Desire Mamboula បន្ទាប់​ពី​ចាញ់​ក្រុម​កូតឌីវ័រ ៣-២ ចុងក្រោយកាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង Marrakech។ ទាំង Aubameyang និងខ្សែការពារជើងចាស់ Ecuele Manga មិនបានលេងកាលពីថ្ងៃពុធទេ ដោយសារ Aubameyang បានត្រឡប់ទៅក្លឹប Olympique de Marseille របស់គាត់វិញ ដើម្បីព្យាបាលរបួសភ្លៅ។ អតីតកីឡាករបាល់ទាត់អាហ្វ្រិកឆ្នើមប្រចាំឆ្នាំរូបនេះ បានឆ្លើយតបនៅលើបណ្តាញសង្គម ដោយនិយាយនៅលើ X ថា ខ្ញុំគិតថាបញ្ហារបស់ក្រុមគឺជ្រៅជាងខ្ញុំទៅទៀត៕