(English) ការចូលរួមរបស់ Minamino ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយគឺស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីរងរបួស ACL
២៤-ធ្នូ-២០២៥

(English)

ការចូលរួមរបស់កីឡាករអន្តរជាតិជប៉ុន Takumi Minamino ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយគឺស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីក្លិប AS Monaco បានបញ្ជាក់ថា គេបានរងរបួសដាច់សរសៃពួរជង្គង់ ACL នៅខាងឆ្វេង។

ខ្សែបម្រើប្រយុទ្ធវ័យ ៣០ ឆ្នាំខាងលើបានរងរបួសនេះ អំទ្បុងពេលប្រកួតជាមួយនឹងក្រុម Auxerre ដែល Monaco យកឈ្នះលើលទ្ធផល ២-១ ក្នុងពានរង្វាន់ French Cup កាលពីថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។  Monaco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ខ្សែបម្រើ Takumi Minamino របស់យើងបានរងរបួសជង្គង់ខាងឆ្វេង។ ការពិនិត្យ​ដោយ​វេជ្ជ​សា​ស្រ្ត​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ការ​ដាច់សរសៃពួរជង្គង់ ACL »។

គួរជម្រាប់ថា៖ ការរងរបួសរបស់ ACL ជាធម្មតាកំណត់កីឡាករត្រូវសម្រាកពី ៦ ទៅ ៩ ខែឯណោះ មានន័យថា Minamino ទំនងជាមិនជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលជប៉ុន​ស្ថិត​ក្នុង​ពូល F រួមជាមួយនឹងក្រុមជម្រើសជាតិ ​ហូឡង់ ទុយនីស៊ី និង​ក្រុម​ឈ្នះ​វគ្គ Playoff។ ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ទល់​នឹង​ក្រុម​ហូឡង់​ក្នុង​ទីក្រុង Dallas ផងដែរ៕

ប្រភព៖ Reuters