

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន El Mundo បន្ទាប់ពីយល់ព្រមបន្តកុងត្រាថ្មីរយៈពេល ២ឆ្នាំជាមួយក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr រហូតដល់ឆ្នាំ ២០២៧ ខ្សែប្រយុទ្ធ Ronaldo បានបញ្ជាក់ថា កៅអីគ្រូបង្វឹកមិនមាននៅក្នុងផែនការរបស់ខ្ញុំទេ។ កីឡាករវ័យ ៤០ ឆ្នាំបានច្រានចោលការផ្លាស់ប្តូរណាមួយពីកីឡករទៅជាគ្រូបង្វឹកដោយនិយាយថា ធ្វើជាគ្រូបង្វឹក? ខ្ញុំអាចប្រាប់អ្នកឥឡូវនេះថាខ្ញុំនឹងមិនក្លាយជាគ្រូបង្វឹកទេ។ដាច់ខាតគឺមិនអាចទេ។ តំណែងនេះវាមិនដែលមាននៅក្នុងផែនការរបស់ខ្ញុំ ទោះក្នុងរយៈពេល៥ឆ្នាំ១០ ឆ្នាំ ឬ២០ ឆ្នាំខាងមុខ។
អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United ដែលស៊ុតបញ្ចូលទីបានជាង ៩៣០ គ្រាប់ក្នុងអាជីពរបស់គាត់ កំពុងផ្តោតអារម្មណ៍របស់គាត់ទៅលើក្លិប និងប្រទេសសម្រាប់រដូវកាលខាងមុខនេះ ជាមួយនឹងចក្ខុវិស័យរបស់គាត់ស៊ុតបាល់ឲ្យបាន ១០០០ គ្រាប់ និងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅអាមេរិកខាងជើង។
ជាមួយគ្នានេះដែរ Cristiano Ronaldo បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត។ វីរបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានពន្យល់ថា៖ «ខ្ញុំមកទីនេះមិនត្រឹមតែមកលេងបាល់នោះទេ។ ខ្ញុំមកទីនេះដើម្បីការផ្លាស់ប្តូរប្រទេស និងវប្បធម៌… ខ្ញុំជាផ្នែកមួយនៃដំណើរការនោះ ។ដូចដែលខ្ញុំនិយាយ ខ្ញុំជារបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្ញុំជាជនជាតិព័រទុយហ្គាល់ ប៉ុន្តែខ្ញុំជារបស់អារ៉ាប៊ីសាអូឌីត៕