

ក្លិប Real Madrid បានក្លាយជាក្រុមដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup បន្ទាប់ពីក្រុមរបស់គេទទួលបានកៅអីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះជម្នះ៣-២ លើក្រុម Dortmund ។ គិតត្រឹមវគ្គ ៨ ក្រុមស្តេច-ស Real Madrid ប្រមូលប្រាក់ចំនួន ៨៦ លានដុល្លាររួចហើយ។ ក្រុមយក្សរបស់អេស្ប៉ាញបាននាំមុខម្ចាស់ជើងឯក UEFA Champions League គឺ Paris Saint Germain ដែលរកចំណូលបានតិចជាង Real Madrid ត្រឹមតែ ៧,៥លានដុល្លារ។ ទម្រង់លេងដ៏រឹងមាំរបស់ Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Xabi Alonso បានរួមចំណែកដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះចំនួន ៤ ដង និងស្មើ ម្តង ក្នុង៥ប្រកួតចាប់តាំងពីការប្រកួតបានចាប់ផ្តើមនៅសហរដ្ឋអាមេរិក។
ប្រសិនបើ Real Madrid យកឈ្នះ PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេនឹងរកបាន៣០លានដុល្លារបន្ថែមទៀត ដែលនឹងនាំឱ្យចំនួនសរុបរបស់ពួកគេកើនឡើងដល់ ១១៧ លានដុល្លារ។ អ្នកឈ្នះការប្រកួតនឹងទទួលបានប្រាក់រង្វាន់៤០លានដុល្លារបន្ថែមទៀតដែលធ្វើឱ្យ FIFA Club World Cup ក្លាយជាការប្រកួតដែលរកចំណូលបានច្រើនបំផុតក្នុងពិភពបាល់ទាត់។ ចំណែកឯក្លឹបផ្សេងទៀតដែលរកចំណូលបានច្រើនគួរសមដែរ រួមមាន Fluminense ដែលមាន៦១ លានដុល្លារ Chelsea ៥៩ លានដុល្លារ និង Bayern Munich ៥៧ លានដុល្លារ។ ក្រុមល្បីៗដូចជា Dortmund, Manchester City, Inter Milan, Palmeiras និងក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal ក៏ស្ថិតក្នុងចំណោមក្រុមកំពូលទាំងដប់ផងដែរ ជាមួយនឹងប្រាក់ចំណូលសរុបលើសពី៥៦០លានដុល្លារមកទល់ពេលនេះ៕