ads
Dier សម្រេចចិត្តចាកចេញពី Bayern នៅចុងបញ្ចប់រដូវកាលនេះ
05-May-2025

ខ្សែការពារ Eric Dier បានសម្រេចចិត្តចាកចេញពីក្លិប Bayern Munich នាចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់រូបគេអស់សុពលភាព។ នេះបើយោងតាមការបញ្ជាក់របស់នាយកកីឡាលោក Christoph Freund។ អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Bayern ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំមុន បន្ទាប់ពីស្នាក់នៅរយៈពេលមួយទសវត្សរ៍នៅ Spurs ។ Dier បានធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ក្នុងអំឡុងរដូវកាលដោះដូរកីឡាករឆ្នាំ ២០២៤ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយឥឡូវនេះបានសម្រេចចិត្តមិនបន្តវាទៀតទេ។

Freund បានប្រាប់អ្នកយកព័ត៌មានថា យើងមានការពិភាក្សាជាមួយ Eric អំពីកិច្ចសន្យាថ្មី។ រូបគេបានប្រាប់យើងថាគេមិនចង់បន្ត ហើយនឹងចាកចេញពីយើង។ លោកបន្តថា គាត់ជាបុរសដ៏អស្ចារ្យម្នាក់។ យើងមានពេលវេលាដ៏អស្ចារ្យជាមួយគ្នា។ គាត់ក៏មានអារម្មណ៍ដូចផ្ទះរបស់គាត់នៅទីក្រុង Munich។ សង្ឃឹមថាគាត់នឹងឈ្នះពានរង្វាន់ដំបូងរបស់គាត់នៅទីនេះ។

ក្រុម Bayern របស់ Vincent Kompany នាំមុខ ៨ ពិន្ទុលើក្រុមលេខ ២ Leverkusen ជាមួយនឹង ៣ ប្រកួតទៀតដែលនៅសល់។ ពួក​គេ​អាច​លើក​ពាន​លីគ​កំពូល​អាឡឺម៉ង់​ជា​លើក​ទី​ ៣៤​ បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​ការ​យក​ឈ្នះ​លើ​ក្រុម​លេខ​៥ Leipzig។ Dier បានបង្ហាញខ្លួនចំនួន៤៥ដង និងស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយឥឡូវនេះជិតទទួលបានពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់៕

ប្រភព៖ Reuters

 

ads