ads
តើ Club World Cup ជាអ្វី?
05-June-2025

FIFA Club World Cup (FIFA CWC) គឺជាការប្រកួតបាល់ទាត់បុរសអន្តរជាតិ រៀបចំឡើងដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលជាស្ថាប័នគ្រប់គ្រងកីឡាពិភពលោក។ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើងលើក​ដំបូង​ក្នុង​ឆ្នាំ២០០០ នៅក្នុងប្រទេសប្រេស៊ីល ដែលគេហៅថាពាន FIFA Club World Championship ។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ វាមិនត្រូវបានធ្វើទេ ដោយសារតែមូលហេតុជាច្រីន ប៉ុន្តែកក្តាចម្បង គឺការដួលរលំនៃដៃគូទីផ្សាររបស់ FIFA International Sport and Leisure (ISL)។ទោះជាយ៉ាងណាក្តី វាបានត្រលប់មកវិញនៅឆ្នាំ២០០៥ជាការប្រកួតប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣។

FIFA Club World Championship លើកដំបូងធ្វើឡើងនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០០០ ក្នុងឆ្នាំនោះវាដំណើរស្របគ្នាជាមួយនឹងពានរង្វាន់ Intercontinental Cup ដែលជាការប្រកួតធ្វើឡើងដោយម្ចាស់ពានរង្វាន់ UEFA Champions League និង Copa Libertadores ខណៈម្ចាស់ជើងឯកនៃការប្រកួតត្រូវបានទទួលស្គាល់ដោយ FIFA ថាជាជើងឯកក្លឹបពិភពលោកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០០៥ ពានអន្តរទ្វីប Intercontinental Cup ត្រូវបានបញ្ចូលគ្នាជាមួយ FIFA Club World Championship ហើយនៅឆ្នាំ ២០០៦ ការប្រកួតត្រូវបានប្តូរឈ្មោះជា FIFA Club World Cup ។ អ្នកឈ្នះពាន Club World Cup ទទួលបានពានរង្វាន់ FIFA Club World Cup និងវិញ្ញាបនបត្រ FIFA World Champions ។

ការប្រកួតទម្រង់ថ្មីសម្រាប់ឆ្នាំ២០២៥ មានក្រុមចំនួន៣២ចូលរួមប្រកួតប្រជែងដណ្តើមពាន។ ក្រុមចំនួន១២មកពីទ្វីបអឺរ៉ុប, ៦ក្រុមមកពីអាមេរិកខាងត្បូង, ៤ក្រុមមកពីអាស៊ី, ៤ក្រុមមកពីទ្វីបអាហ្រ្វិក, ៤ក្រុមមកពីអាមេរិក ខាងជើង, អាមេរិកកណ្តាល និងការ៉ាប៊ីន, ១ក្រុមមកពីអូសេអានី និង១ក្រុមមកពីប្រទេសម្ចាស់ផ្ទះ។ សរុបមាន​៨ពូលដែល​ក្នុងមួយពូលៗមាន​៤​ក្រុម ។ ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ពូល​នីមួយៗ​បាន​ឈាន​ទៅ​វគ្គ​ ១៦ក្រុម និង​បន្តទៅឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥។វានឹងក្លាយជាការប្រកួតក្លឹប FIFA ដែលមានតម្លៃថ្លៃជាងគេ៕

ads