

យោងតាមលទ្ធផលបោះឆ្នោតសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ ដែលបានបែកធ្លាយលើបណ្តាញសង្គម បានបង្ហាញថាខ្សែប្រយុទ្ធ Robert Lewandowski គឺជាអ្នកឈ្នះ។នេះបើយោងតាមគេហទំព័រTribunaចេញផ្សាយកាលពីថ្ងៃអង្គារទី២៩ មេសា ២០២៥។ នៅក្នុងឯកសារបែកធ្លាយនោះក៏បានបង្ហាញដែរថា ខ្សែប្រយុទ្ធ Robert Lewandowski ទទួលបាន ៥៦១ពិន្ទុ ឈរកំពូលតារាង ខណៈចំណាត់ថ្នាក់ទី២បានទៅលើកីឡាករ Kevin De Bruyne មាន១២០ពិន្ទុ តាមពីក្រោយដោយកីឡាករ SadioMane មាន ១១៣ពិន្ទុ។ ជាមួយគ្នានេះដែរលទ្ធផលបោះឆ្នោតនោះបានបង្ហាញដែរថា Lionel Messi មិនជាប់ចំណាត់ថ្នាក់កំពូលទាំងបីនោះទេ ។
រដូវកាល២០២០ Lewandowski កំពុងលេងឱ្យ Bayern Munich ហើយបានឈ្នះពានរង្វាន់ Champions League ជាមួយនឹងលោក Hansi Flick ជាគ្រូបង្វឹក។ ជាអកុសលសម្រាប់ខ្សែប្រយុទ្ធក្រុម Barcelona ព្រឹត្តិការណ៍ Ballon d’Or ឆ្នាំ ២០២០ ត្រូវបានលុបចោលដោយសារតែការផ្ទុះឡើងនៃមេរោគ Covid ដែលបង្ខំឱ្យមានការចាក់សោរជុំវិញពិភពលោក។ Lewandowski មិនទាន់ឈ្នះ Ballon d’Or ក្នុងអាជីពរបស់គាត់ទេ ហើយស្ថិតក្នុងអាយុ៣៧ឆ្នាំ វាមិនទំនងថាគាត់នឹងឈ្នះវាទេ៕