ads
អារ៉ាប៊ីសាអូឌីតគម្រោងជះលុយជាង២០លានដុល្លារ​យក Ancelotti ដឹកនាំក្រុមជម្រើសជាតិ
11-February-2025

មុនពេលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤ ប្រទេសអារ៉ាប៊ីសាអូឌីត បាននឹងកំពុងពង្រឹងវិស័យបាល់ទាត់របស់ខ្លួន ដោយការនាំយកកីឡាករល្បីៗលំដាប់ពិភពលោកមកលេងក្នុងលីគរបស់ពួកគេ។ ជាមួយគ្នានេះដែរយោងតាមការចុះផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃអង្គារទី ១១​កុម្ភៈ ២០២៥ បានឱ្យដឹងថា ប្រទេសនេះកំពុងឈានមួយជំហានយក្យទៀត ជាមួយនឹងគម្រោងជះលុយជាង២០លានដុល្លារ នាំយកគ្រូបង្វឹកដ៏ល្បីគឺ លោក Carlo Ancelotti មកដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេ។

ប្រទេសនេះបានបោះជំហានយ៉ាងសំខាន់រួចហើយតាមរយៈការចុះហត្ថលេខាលើតារាបាល់ទាត់ដូចជា Cristiano Ronaldo និង Neymar (អីលូវទៅប្រេស៊ីលវិញ)  ហើយឥឡូវនេះ ពួកគេមានបំណងពង្រឹងលីគបាល់ទាត់បន្ថែមទៀត តាមរយៈការទាក់ទាញគ្រូបង្វឹក និងបន្តនាំយកកីឡាករកំពូលៗនៅអឺរ៉ុប។

ប្រភពខាងលើដដែលបានបន្តថា អារ៉ាប៊ីសាអូឌីតកំពុងផ្តល់ជូនអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti នូវកិច្ចសន្យាដែលមានតម្លៃ២០ លានដុល្លារ ក្នុងមួយរដូវកាល។ នេះបើយោងតាម ​​OK Diario ។ ការផ្តល់ជូននេះកើនឡើងជិតទ្វេដងនៃប្រាក់ខែបច្ចុប្បន្នរបស់គាត់នៅ Real Madrid ដែលធ្វើឱ្យវាក្លាយជាការរំពឹងទុកដ៏គួរឱ្យទាក់ទាញ។

ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់លោក Ancelotti អាស្រ័យលើការសម្រេចចិត្តរបស់ Real Madrid ព្រោះគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងមិនចាកចេញដោយស្ម័គ្រចិត្តនោះទេ។ គាត់នឹងពិចារណាការផ្តល់ជូនរបស់អារ៉ាប៊ីសាអូឌីត ប្រសិនបើក្លឹបជ្រើសរើសយកការចែកផ្លូវជាមួយគាត់ ទាំងក្នុងរដូវកាល ឬនៅចុងបញ្ចប់នៃរដូវកាល៕

ads