​តើក្នុងមួយថ្ងៃ អ្នកភ្នាល់បាល់ World Cup ចំណាយអស់ប៉ុន្មានលានដុល្លារ?
12-June-2026

ព្រឹត្តិការណ៍ FIFA Men’s World Cup នឹងក្លាយជាព្រឹត្តិការណ៍ភ្នាល់ដ៏ធំបំផុតគ្រប់ពេល ជាមួយនឹងទឹកប្រាក់ភ្នាល់ជាង៥០ពាន់លានដុល្លារ នៅទូទាំងពិភពលោក។ យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Macquarie បានឲ្យដឹងថាក្នុងមួយប្រកួតមានអ្នកភ្នាល់ប្រហែល ៥០០ លានដុល្លារ ។ ចំនួនសរុប ៥០ ពាន់លានដុល្លារដែលរំពឹងទុកនឹង កើនឡើងយ៉ាងខ្លាំងពីទឹកប្រាក់ភ្នាល់ ៣៥ ពាន់លានដុល្លារដែលដាក់ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ដែលត្រូវបានធ្វើឡើងនៅប្រទេសកាតា។

លោក Chad Benyon អ្នកវិភាគនៅ Macquarie បាននិយាយថា ការកើនឡើងនៃប្រាក់ចំណូលពីការលេងល្បែងដែលរំពឹងទុក គឺដោយសារតែការពង្រីកចំនួនក្រុមនៅក្នុងការប្រកួតឆ្នាំនេះ ពី ៣២ ទៅ ៤៨ សរុប ១០៤ ប្រកួតក្នុងរយៈពេលប្រាំមួយសប្តាហ៍ បើប្រៀបធៀបទៅនឹង ៦៤ ប្រកួតដែលបានលេងនៅប្រទេសកាតាក្នុងឆ្នាំ ២០២២។ លោក Benyon បានបន្ថែមថា តំបន់ពេលវេលាអំណោយផលរបស់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ក៏នឹងជំរុញការទស្សនាទូទាំងពិភពលោកផងដែរ ដែលជំរុញតម្រូវការក្នុងចំណោមអ្នកភ្នាល់នៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក។ កត្តាជំរុញមួយទៀតនៃការកើនឡើងនេះគឺទីផ្សារភ្នាល់កីឡាដែលកំពុងរីកចម្រើននៅសហរដ្ឋអាមេរិក ដោយមានប្រជាជនប្រហែល៦៥% កើនឡើងពី ៤០% ក្នុងឆ្នាំ ២០២២៕