Neymar៖ ខ្ញុំចង់លេង World Cup និងជួបជាមួយ Messi
01-May-2026

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន TyC បានឱ្យដឹងថា Neymar JR  នៅតែបង្ហាញមហិច្ឆិតាចង់ចូលរួមប្រកួតបាល់ទាត់ពិភពលោក ២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិកស៊ិក នៅក្នុងខែមិថុនាខាងមុខនេះ។ បន្ទាប់ពីបញ្ចប់ការប្រកួត ស្មើ ១-១ ជាមួយក្រុម San Lorenzo នៅក្នុងការប្រកួតពានរង្វាន់ CONMEBOL Sudamericana ក្នុងទឹកដីខ្លួនឯង Neymar បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអ្នកកាសែតអាហ្សង់ទីន។ អ្នកកាសែតបានសួរថា៖ តើលោកកំពុងគិតអំពីព្រឹត្តិការណ៍ World Cup ដែរឬទេ? Neymar មិនបានលាក់បាំងអារម្មណ៍របស់គាត់ទេ ដោយនិយាយថា ជាការពិតណាស់ វាជាក្តីស្រមៃរបស់កីឡាករគ្រប់រូប ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចសម្រេចគោលដៅនេះបាន។

នៅពេលសួរថាតើនឹងមានឱកាសជួប Messi នៅលើទីលានម្តងទៀតនាពេលអនាគតដែរឬទេ Neymar ក៏បានផ្តល់ចម្លើយវិជ្ជមានផងដែរថា ជាការពិតណាស់ ខ្ញុំសង្ឃឹមដូច្នេះ។ ប្រសិនបើយើងអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន នោះនឹងក្លាយជាពេលវេលាដែលមិនអាចប្រៀបផ្ទឹមបាន។ គួររំឭកថា រហូតមកដល់ពេលនេះតំណែងរបស់កីឡាករ វ័យ ៣៤ ឆ្នាំនៅក្នុងការប្រកួតនាពេលខាងមុខមិនទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះវានឹងអាស្រ័យលើលោក Carlo Ancelotti គ្រូបង្វឹកក្រុមប្រេស៊ីល។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា មហិច្ឆតារបស់គាត់នៅតែរឹងមាំ៕