

ខ្សែការពារ Benjamin Mendy ដែលឈ្នះពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិបារាំង បានចុះហត្ថលេខាជាមួយក្លិបបាល់ទាត់ស្វីស Zurich កាលពីថ្ងៃអង្គារ បន្ទាប់ពីមិនបានលេងនៅក្នុងរដូវកាលនេះជាមួយក្លិបលំដាប់ទីពីររបស់បារាំង Lorient ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ AP កាលពីថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ Zurich បាននិយាយថាអតីតកីឡាករ Manchester City និង Monaco បានចុះកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយប៉ុន្តែមិនបានបញ្ជាក់ឱ្យដឹងពីតម្លៃខ្លួននោះទេ។
Mendy បានចូលរួមជាមួយ Lorient ក្នុងឆ្នាំ២០២៣ បន្ទាប់ពីចំណាយពេល ៦ ឆ្នាំនៅជាមួយ Man City ដែលជាកន្លែងដែលរូបគេបានឈ្នះពាន Premier League ចំនួន ៣ មុនពេលកិច្ចសន្យារបស់គេផុតកំណត់។ រូបគេមិនបានលេងឱ្យ City បន្ទាប់ពីខែសីហា ឆ្នាំ ២០២១ ខណៈដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទតែក្រោយមកគេត្រូវបានរួចទោស។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះលេងបាន១០ ដងសម្រាប់ប្រទេសបារាំង រួមទាំងការប្រកួតវគ្គចែកពូលបាល់ទាត់ពិភពលោក២០១៨ សម្រាប់អ្នកឈ្នះពានរង្វាន់ចុងក្រោយ។ Zurich ស្ថិតនៅលេខរៀងទី ៨ ក្នុងលីគស្វីសដែលមាន ១២ ក្រុមតាមពីក្រោយក្រុមកំពូលតារាង Basel ត្រឹមតែ ៧ ពិន្ទុប៉ុណ្ណោះ៕