

(English) ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីថ្ងៃអង្គារទី២៧ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថាតារាវ័យជំទង់ Lamine Yamal បានយល់ព្រមចុះហត្ថលេខាបន្តកុងត្រាថ្មីរួមរស់ជាមួយក្លឹបដល់ឆ្នាំ ២០៣១។ Yamal បានចូលរៀននៅសាលាបាល់ទាត់ La Masia ដ៏ល្បីល្បាញរបស់ Barcelona តាំងពីអាយុ៧ ឆ្នាំមកម្លេះ។ ក្លិបបាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា នៅក្នុងឆ្នាំ២០៣១ Lamine Yamal នឹងមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។ នេះគឺជាការរំលឹកពីភាពវ័យក្មេងរបស់តារាពិភពលោករបស់ពួកគេ។
កីឡាករវ័យ ១៧ឆ្នាំរូបនេះបានជួយក្លិប Catalan ដណ្តើមបានពានរង្វាន់ក្នុងស្រុកចំនួនបីគឺ La Liga, Copa del Rey និង Spanish Super Cup ។ រូបគេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ នៅលើគូប្រជែង Espanyol កាលពីសប្តាហ៍មុនជួយឱ្យ Barcelona លើកពានលីគអេស្ប៉ាញលើកទី ២៨ និងជួយ Barcelona ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងយុទ្ធនាការនេះផងដែរ។
Yamal ស៊ុតបញ្ចូលទី១៨គ្រាប់និងជួយមិត្តរួមក្រុមបាន២៥ក្នុង៥៥ប្រកួត គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។Yamal ដែលនឹងមានអាយុ១៨ឆ្នាំក្នុងខែកក្កដា បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០២៣នៅ Camp Nou បង្ហាញខ្លួនសរុប១០៦ លើកសម្រាប់ Barcelona ៕
ប្រភព៖ AP