

(English) ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជំងឺរលាកក្រពះ។ ប្រធានក្រុមជម្រើសជាតិបារាំងវ័យ ២៦ ឆ្នាំបានខកខានក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ដោយគ្រុនក្តៅ និងមិនបានលេងក្នុងការប្រកួតជម្រុះ FIFA Club World Cup ដែលក្រុមស្មើគ្នាជាមួយនឹង Al-Hilal ក្នុងលទ្ធផល ១-១ កាលពីថ្ងៃពុធ។
បញ្ហាខាងលើនេះ ក្លិប Real Madrid បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ Kylian Mbappe កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹង «ជំងឺរលាកក្រពះដ៏ធ្ងន់ធ្ងរ» ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានបញ្ជាក់ថារូបគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ Kylian Mbappe ក៏បានត្រលប់ទៅកន្លែងហ្វឹកហាត់របស់ Real Madrid នៅ Palm Beach វិញផងដែរ។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបក៏បានបញ្ជាក់ថា៖ Mbappe នឹងបន្តការព្យាបាលដោយថ្នាំជាក់លាក់ ហើយនឹងត្រលប់ទៅសកម្មភាពក្រុមវិញជាបណ្តើរៗ។ គួរជម្រាបថា សម្រាប់ការប្រកួតបន្ទាប់ Real គឺប៉ះ Pachuca នៅថ្ងៃអាទិត្យ ខាងមុខនេះ៕
ប្រភព៖ BBC