

(English) ខណៈពេលដែលការប្រកួតពានរង្វាន់ Club World Cup មិនទាន់បានដំណើរការផងនោះ ស្រាប់តែមានព័ត៌មានជាច្រើនបានផ្សាយថា FIFA មានគម្រោងពង្រីកចំនួនក្លឹបចូលរួមប្រកួតពានរង្វាន់ Club World Cup បន្ថែមទៀត។ យោងតាមកាសែត The Guardian ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១២ មិថុនា បានឲ្យដឹងថា FIFA នឹងធ្វើការពិគ្រោះយោបល់លើលទ្ធភាពនៃការពង្រីកការប្រកួត Club World Cup ដល់៤៨ក្រុម ដោយចាប់ផ្តើមពីការប្រកួតលើកក្រោយនៅឆ្នាំ២០២៩។
គម្រោងនេះបានកើតឡើងបន្ទាប់ពីមានការបញ្ចុះបញ្ចូលដោយក្លឹបធំៗនៅអឺរ៉ុបដែលខកខានក្នុងការប្រកួតនៅរដូវក្ដៅនេះ ដែលធ្វេីឲ្យពួកគេបាត់បង់ប្រាក់រង្វាន់ដ៏ធំ។ Barcelona, Arsenal, Liverpool, Manchester United និង Milan គឺជាក្លិបធំៗមួយចំនួនដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Club World Cup ។ នៅឆ្នាំនេះ លីកបាល់ទាត់មួយអាចត្រូវបានតំណាងដោយក្លឹបតែពីរប៉ុណ្ណោះ។ ការពង្រីកណាមួយទំនងជាត្រូវបានប្រឆាំងដោយសហជីពកីឡាករអន្តរជាតិ Fifpro ដែលមិនសប្បាយចិត្តចំពោះការបង្កើតពានរង្វាន់នេះ ដោយសារតែពួកគេយល់ថា វាប៉ះពាល់ដល់សុខុមាលភាពរបស់កីឡាករ។