

(English) ក្រុមជម្រីសជាតិស៊ីលី (Chile) បានបាត់បង់កៅអីប្រកួតបាល់ទាត់ពិភពលោក ២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា បន្ទាប់ពីចាញ់បូលីវីដោយលទ្ធផល ២-០ កាលព្រឹកថ្ងៃពុធ ។ នេះគឺជាការបាត់បង់ឱកាសចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកទីបីជាប់ៗគ្នា។
ខ្សែប្រយុទ្ធជើងចាស់ស៊ីលី Alexis Sanchez បាននិយាយបន្ទាប់ពីការប្រកួតថា៖ វាជាថ្ងៃដ៏សោកសៅ ខ្ញុំមានអារម្មណ៍មិនល្អ។ យើងត្រូវសុំឱ្យអ្នកគាំទ្រអភ័យទោសឱ្យពួកយើង។ យើងត្រូវតែបន្តការងារទៅមុខទៀត។ មានការផ្លាស់ប្តូររួចហើយ ជំនាន់មាសត្រូវបានគេកប់ចោល នៅសល់តែខ្ញុំម្នាក់គត់»។
ជំនាន់មាសរបស់ប្រទេសស៊ីលីគឺបានឈ្នះពានរង្វាន់ Copa America ចំនួនពីរ ក្នុងឆ្នាំ២០១៥ និង១៦ ប៉ុន្តែពេលនេះគេមិនមានកៅអីប្រកួតប្រជែងសម្រាប់ការប្រកួត ៤៨ក្រុមដែលបានពង្រីកនៅរដូវក្តៅក្រោយ។បូលីវីបានរក្សាក្តីសង្ឃឹមរបស់ខ្លួនសម្រាប់ការប្រកួតវគ្គPlay Off អន្តរទ្វីបដើម្បីឈានទៅដល់ការប្រកួតបាល់ទាត់២០២៦។
ក្រុមកំពូលទាំងប្រាំមួយក្នុងការប្រកួតជម្រុះនៅអាមេរិកខាងត្បូងនឹងទទួលបានកៅអីស្វ័យប្រវត្តិទៅប្រកួតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិកនិងកាណាដា។ ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ៕