ads
(English) វិសាខា ចុះ MOU ជាមួយក្រុមហ៊ុនភេសជ្ជៈ Yeo’s
៣០-សីហា-២០២៥

(English) នៅរសៀលថ្ងៃទី២៩ ខែសីហានេះ ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុនភេសជ្ជៈ Yeo’s បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ (២០២៥-២០២៦) នៅកីឡដ្ឋានព្រីនស៍។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិប និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមទាំងក្រុមការងារគ្រូ កីឡាករ និងតំណាងក្រុមហ៊ុនជាច្រើនផងដែរ។

ថ្លែងនាឱកាសនោះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការជាមួយភេសជ្ជៈ Yeo’s ដែលជាភេសជ្ជៈ និងជាផលិតផលក្នុងស្រុកមួយ ប្រកបដោយគុណភាព និងគុណប្រយោជន៍សម្រាប់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ។ កញ្ញាសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាការរួមចំណែកថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍក្លិបឆ្ពោះទៅការប្រកួតប្រជែង និងការអភិវឌ្ឍធនធានកីឡាករវ័យក្មេង ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត លើសពីកីឡា ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនាថ្ងៃអនាគត។

ដោយឈរលើទិសដៅស្របគ្នា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡា អគ្គនាយិក្លិបវិសាខា រំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្ដល់នូវភាពវិជ្ជមានជាច្រើន ពិសេសការរួមគ្នាកសាងធនធានយុវជនថ្នាល ដ្បិតភាគីទាំងពីរ បានបើកភ្លើងខៀវឈានទៅរកការបង្កើតពាន Yeo’s កម្រិតយុវជនមួយ នាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសដល់កុមារ និងក្មេងៗ ដែលស្រលាញ់វិស័យកីឡានេះ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ នេះគឺជាចក្ខុវិស័យរួមមួយ ដែលវិសាខា និង Yeo’s នឹងព្យាយាមធ្វើការងារជាមួយគ្នា លើកិច្ចសហការដ៏យូរអង្វែង ដែលអាចលើសពី ១ឆ្នាំ។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ដថា «វិសាខា និងភេសជ្ជៈ Yeo’s អាចនឹងចាប់ដៃគ្នារយៈពេលវែង មិនមែនតែ ១ឆ្នាំទេ ហើយលើសពីវិស័យបាល់ទាត់ មានន័យថា ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើគម្រោងរៀបចំកម្មវិធីផ្សេងៗ ដូចជាកម្មវិធី Football Clinic តាមបណ្ដាខេត្ត។ ជាងនេះទៅទៀត យើងក៏មានគម្រោងនឹងនាំយកនូវអ្វីដែលថ្មីជូនដល់អ្នកគាំទ្រទាំងអស់គ្នា ជាមួយភាពភ្ញាក់ផ្អើលនាថ្ងៃអនាគតផងដែរ»។

ជាមួយគ្នាដែរ លោកស្រី ហេង សុទ្ធាវី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្លិបវិសាខា ចំពោះកិច្ចសហការភ្លាមៗ ជាមួយភេសជ្ជៈ Yeo’s បន្ទាប់ពីការជួបពិភាក្សាគ្នាត្រឹមរយៈពេលដ៏ខ្លី។ នេះគឺជាជំហានដំបូង នៃកិច្ចសហប្រតិបត្តិការ តែបន្ដទៅទៀត លោកស្រីសង្ឃឹមថា ភាគីទាំងពីរ នឹងអាចបន្ដ ៣ ទៅ ៥ឆ្នាំបន្ថែមទៀត លើភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង ដើម្បីរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ជាមួយក្លិបវិសាខា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥-២៦ ដែលផ្ដោតលើការរួមចំណែកក្នុងវិស័យអប់រំ និងវិស័យកីឡា។

លោកស្រីបន្ថែមទៀតថា កិច្ចសហការឆ្នាំដំបូងនេះ មិនផ្ដោតតែលើ Branding នោះទេ តែក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយក្លិប ដើម្បីផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកគាំទ្រ និងសហគមន៍ រួមទាំងគម្រោងរៀបចំពានកម្រិតយុវជនជាដើម ។ ជាក់ស្ដែងចំពោះមុខ កំឡុងការប្រកួតសប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian Premier League 2025/26 រវាង វិសាខា និងព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៤ ខែកញ្ញាខាងមុខ ក្រុមហ៊ុនក៏គ្រោងនឹងផ្ដល់ជូននូវភេសជ្ជៈ Yeo’s មួយដងដោយឥតគិតថ្លៃ រាល់អ្នកគាំទ្រដែលទិញសំបុត្រចូលទស្សនាការប្រកួតនេះ ផងដែរ។

សូមបញ្ជាក់ថា ភេសជ្ជៈ Yeo’s បានបង្កើតរយៈពេល ១២៦ឆ្នាំមកហើយ នៅប្រទេសសិង្ហបុរី ហើយបានបន្ដបើកដំណើរការនៅកម្ពុជា អស់រយៈពេល ២៦ឆ្នាំ ជាមួយការសាងសង់រោងចក្រផ្ទាល់ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងបានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរ៕

ads