(English)
សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Hisashi Kurosaki ក្នុងកិច្ចសន្យារយៈពេល ១ ឆ្នាំសម្រាប់ដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ ឆ្នាំនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ឆ្នាំនៅប្រទេសថៃ។ ជាមួយនឹងការតែងតាំងបុរសសញ្ជាតិជប៉ុនវ័យ ៥៦ ឆ្នាំខាងលើ នឹងបាន MFF កំណត់គោលដៅធ្វើយ៉ាងណាឱ្យក្រុមបានទ្បើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសារបាល់ទាត់ផ្នែកបុរស។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅប្រទេសកម្ពុជា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ ឆ្នាំបានបញ្ចប់ចំណាត់ថ្នាក់លេខ ៤ ក្នុងវិញ្ញាសារបាល់ួទាត់ផ្នែកបុរស។

ក្នុងអាជីពការងារជាគ្រូបង្វឹក លោក Hisashi Kurosaki ធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំក្រុម Albirex Niigata និង Kashima Antlers ក្នុងប្រទេសជប៉ុន រួមទាំងក្រុម Qingdao West Coast នៅក្នុងក្របខណ្ឌលីគកំពូលចិន Chinese Super League ។ បន្ថែមពីនេះ លោក Ryuji Sueoka ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ ឆ្នាំ ហើយលោកក៏នឹងទទួលបន្ទុកក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ១៩ ឆ្នាំ ផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នៅប្រទេសថៃ នឹងធ្វើទ្បើងចាប់ពីថ្ងៃ០៧ ដល់ថ្ងៃ ១៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕