

(English) ខ្សែប្រយុទ្ធ Lionel Messi នឹងខកខាន ២ ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតជម្រុះ World Cup ដែលត្រូវប៉ះគ្នាជាមួយអ៊ុយរូហ្គាយ និងប្រេស៊ីល ក៏ព្រោះតែរងរបួសសាច់ដុំ។ កីទ្បាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៧ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលក្រុម Inter Miami បានយកឈ្នះលើ Atlanta United ២-១ សម្រាប់ការប្រកួតលីគកំពូលអាម៉េរិក Major League Soccer (MLS) កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ខណៈដែល Lionel Messi ក៏រួមចំណែករកបាន ១ គ្រាប់ឱ្យក្រុមផងដែរ។
ក្រោយមក ក្លិប Inter Miami បានបញ្ជាក់ថា៖ អតីតម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល មានបញ្ហារបួសតិចតួច ទាក់ទងនឹងសាច់ដុំរបស់គេ។ ជាមួយគ្នានោះ ក្រុមជម្រើសជាតិអាហ្សង់ទីន ក៏នឹងអវត្តមានខ្សែប្រយុទ្ធ Paulo Dybala របស់ក្លិប Roma និងខ្សែការពារ Gonzalo Montiel របស់ក្លិប River Plate ដោយសាររបួសផងដែរ៕ គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវលេងតទល់នឹងអ៊ុយរូហ្គាយ នៅក្រៅដី ថ្ងៃសៅរ៍ ទី២២ និងប្រេស៊ីល នៅក្នុងដី ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ Reuters