

(English) ខ្សែការពារជម្រើសជាតិវៀតណាម Bùi Hoàng Việt Anh របស់ក្លិប Cong An Hanoi FC នឹងត្រូវសម្រាកព្យាបាលរបួសចិញ្ចើម ២ ឬ ៣ សប្តាហ៍ បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Matheus Fornazari របស់ BG Pathum United អំទ្បុងពេលការប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់ ASEAN Club Championship កាលពីយប់មិញ។
ជាការពិតណាស់! បញ្ហាខាងលើនេះកើតទ្បើង បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Fornazari បានទាត់កាប់ចានមួយជើងចំពីមុខរបស់ខ្សែការពារ Bùi Hoàng Việt Anh ដែលព្យាយាមតែតបាល់ចេញ។ Bùi Hoàng Việt Anh ត្រូវបានផ្លាស់ប្តូរចេញភ្លាមៗនៅទី ៤៦ ក្នុងតង់ទី ១ ដោយចិញ្ចើមរបស់រូបគេបែកធ្ងន់ធ្ងរពេក ក្រោយពីប៉ះទង្គិចគ្នា ខណៈដែល Matheus Fornazari ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម។
យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតដែលក្រុម BG Pathum United បានវាយបកយកឈ្នះលើ Cong An Hanoi FC ២-១ នៅក្នុងប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់លើនេះ Bùi Hoàng Việt Anh បាន add story បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ រូបគេដេរចិញ្ចើមអស់ ១៤ ថ្នេរ ហើយប្រហែលជាត្រូវសម្រាកព្យាបាល ២ ឬ ៣ សប្តាហ៍ឯណោះ។ មានន័យថារូបគេនឹងត្រូវអវត្តមានក្នុងការប្រកួតលីគកំពូលវៀតណាម V-League 1 ដែលក្រុម Cong An Hanoi FC ត្រូវប៉ះគ្នាជាមួយ Binh Duong នាថ្ងៃអាទិត្យនេះ៕
ប្រភព៖ Ballthai