ads
(English) Kazuyoshi Miura ចង់លេងបាល់ទាត់ ២០ ឆ្នាំទៀត ស្របពេលលោកមានអាយុ ៥៨ ឆ្នាំហើយ…
១៤-វិច្ឆិកា-២០២៥

(English)

កីទ្បាករវ័យចំណាស់ជាងគេ Kazuyoshi Miura ចង់លេងបាល់ទាត់ ២០ ឆ្នាំទៀត ស្របពេលលោកមានអាយុ ៥៨ ឆ្នាំហើយ។ បច្ចុប្បន្ននេះ Kazuyoshi Miura ដែលជាខ្សែប្រយុទ្ធសញ្ជាតិជប៉ុន កំពុងតែប្រកបអាជីពបាល់ទាត់នៅក្នុងលីគទី ៤ របស់ប្រទេសជប៉ុន ដោយលេងឱ្យក្លិប Atlético Suzuka។ 

 

យ៉ាងណា ទោះបីជាមានអាយុច្រើនក្តី ប៉ុន្តែ Kazuyoshi Miura មិនទាន់មានគម្រោងចូលនិវត្តន៍បាល់ទាត់ទ្បើយ ខណៈដែលរូបលោកបានចំណាយអស់ ៤០ ឆ្នាំ នៅលើវិស័យមួយនេះពោលគឺចាប់ផ្តើមលេងបាល់លើកដំបូងកាលពីឆ្នាំ ១៩៨៦ មកម្ល៉េះ។  Kazuyoshi Miura បាននិយាយថា៖ «ខ្ញុំនឹងឈានជើងចូលវ័យ ៦០ ឆ្នាំឆាប់ៗនេះ ប៉ុន្តែខ្ញុំពិតជាចង់បន្តលេងបាល់ទាត់ដល់អាយុ ៨០ ឆ្នាំពិតមែន»។

សូមជម្រាបថា Kazuyoshi Miura គឺជារបុរសបាល់ទាត់ជប៉ុន ដែលអ្នកគាំទ្រឱ្យឈ្មោះថា «King Kazu» បានចាប់ផ្តើមលេងបាល់លើកដំបូងនៅក្នុងក្លិប Santos របស់ប្រេស៊ីល កាលពីឆ្នាំ ១៩៨៦ មកម្ល៉េះ។ ទោះយ៉ាងណា Kazuyoshi Miura ធ្លាប់លេងឱ្យក្លិបធំៗនៅក្នុងតំបន់អឺរ៉ុបមួយចំនួនដូចជា Genoa របស់អ៊ីតាលី ចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ និង Dinamo Zagreb របស់ក្រូអាត នៅឆ្នាំ ១៩៩៩ ជាដើម។ Miura បានលេងឱ្យក្រុមជម្រើសជាតិជប៉ុន ៨៩ ដង ដោយបានឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ ១៩៩២ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទីពីររបស់ប្រទេសរហូតដល់ ៥៥ គ្រាប់ បន្ទាប់មកបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅក្នុងឆ្នាំ ២០០០៕

អត្ថបទដោយ៖ យ៉េ សេរីជប៉ុន

ads