សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានដាក់ទណ្ឌកម្មលើកីឡាករក្រុមជម្រើសជាតិឥណ្ឌូនេស៊ីពីរនាក់គឺ Thom Haye និង Shayne Pattynama បន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ជុំទី ៤ ទល់នឹងអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកីទ្បា ASEANFOOTBALL។

កីឡាករទាំងពីរត្រូវបានព្យួរការប្រកួតចំនួនបួនប្រកួត និងពិន័យជាប្រាក់ CHF ៥,០០០ (៦,២០០ ដុល្លារអាម៉េរិក) ក្នុងម្នាក់ៗ ចំពោះអាកប្បកិរិយាមិនសមរម្យចំពោះអាជ្ញាកណ្តាល។ លើសពីនេះ សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ត្រូវបានពិន័យជាប្រាក់ CHF ៥០,០០០ (៦២,០០០ ដុល្លារអាម៉េរិក) បន្ទាប់ពីអ្នកគាំទ្រត្រូវបានគេរកឃើញថាបានគប់វត្ថុចូលទៅក្នុងទីលានក្នុងអំឡុងពេលការប្រកួតដូចគ្នា។
FIFA បានរំលឹក PSSI អំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការធានាការគ្រប់គ្រងហ្វូងមនុស្ស និងវិន័យកីឡាករនៅក្នុងការប្រកួតនាពេលអនាគត៕