ads
(English) សហព័ន្ធបាល់ទាត់តួកគីព្យួរកាងារអាជ្ញាកណ្តាល ១៤៩ នាក់
០១-វិច្ឆិកា-២០២៥

(English) សហព័ន្ធបាល់ទាត់ប្រទេសតួកគីបានព្យួរកាងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩ នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវភ្នាល់ល្បែងដែលពាក់ព័ន្ធនឹងលីគបាល់ទាត់អាជីព។ សហព័ន្ធបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មពី ៨ ទៅ ១២ ខែប្រឆាំងនឹងមន្ត្រីទាំង ១៤៩ នាក់ ខណៈដែលការស៊ើបអង្កេតកំពុងបន្តប្រឆាំងនឹងមន្ត្រីបីនាក់ផ្សេងទៀត។

ប្រធានសហព័ន្ធលោក İbrahim Hacıosmanoğlu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កេរ្តិ៍ឈ្មោះរបស់បាល់ទាត់តួកគីត្រូវបានបង្កើតឡើងនៅលើភាពយុតិ្តធម៌ទាំងក្នុងនិងក្រៅទីលាន។ ទង្វើណាមួយដែលក្បត់តម្លៃទាំងនេះមិនមែនគ្រាន់តែជាការរំលោភលើច្បាប់នោះទេ ប៉ុន្តែវាជាការរំលោភលើការជឿទុកចិត្ត។

លោក Hacıosmanoğlu បានប្រកាសថា ភ្នាក់ងាររដ្ឋាភិបាលបានកំណត់ថា អាជ្ញាកណ្តាលសកម្មចំនួន ៣៧១ នាក់ក្នុងចំណោម ៥៧១ នាក់មានគណនីយ៉ាងហោចណាស់មួយជាមួយក្រុមហ៊ុនភ្នាល់។ លោកបន្តថា អាជ្ញាកណ្តាលចំនួន ១៥២ នាក់ដែលមានគណនីបានដាក់ភ្នាល់លើបាល់ទាត់ រួមទាំងអាជ្ញាកណ្តាលកម្រិតខ្ពស់ចំនួន ៧ នាក់ និងជំនួយការកម្រិតខ្ពស់ចំនួន ១៥ នាក់។

លោក Hacıosmanoğlu បាននិយាយថា អាជ្ញាកណ្តាលចំនួន ១០ នាក់បានដាក់ភ្នាល់លើការប្រកួតជាង ១០០០០ លើកក្នុងរយៈពេលប្រាំឆ្នាំ ខណៈដែលខ្លះបានដាក់ភ្នាល់តែមួយលើកប៉ុណ្ណោះ។ អាជ្ញាកណ្តាលម្នាក់ត្រូវបានគេចោទប្រកាន់ថាបានដាក់ភ្នាល់លើការប្រកួតចំនួន ១៨២២៧ លើក។ ជាមួយគ្នានេះដែរ ការស៊ើបអង្កេតក៏កំពុងដំណើរការប្រឆាំងនឹងក្លឹប និងកីឡាករផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កីឡាករប្រហែល ៣៧០០ នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

 

ads