 
                             
                             
                                    (English)
ក្លិបសេះបង្កង់ Juventus បានតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី លោក Luciano Spalletti ជាអ្នកចាត់ទូទៅថ្មីរបស់ពួកគេ រហូតដល់ចប់រដូវកាលនេះ។ ។ បុរសវ័យ ៦៦ ឆ្នាំរូបនេះបានចូលមកជំនួសតួនាទីរបស់លោក Igor Tudor ដែលក្លិបបណ្តេញចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមចាញ់ Lazio ក្នុងការប្រកួតលីគកំពូលអ៊ីតាលី Serie A កាលពីអាទិត្យមុន ដោយមានរយៈពេលដឹកនាំបានតែ ៧ខែប៉ុណ្ណោះ។

លោក Spalletti បានដឹកនាំ Napoli លើកពាន Serie A នារដូវកាល ២០២២-២៣ មុនពេលចូលដឹកនាំប្រទេសអ៊ីតាលី ដោយជំនួសតំណែងលោក Roberto Mancini ដែលចាកចេញពី ក្រោយខកខានកៅអី World Cup 2022 នៅប្រទេសកាតា។ លោកក៏បាននាំអ៉ីតាលីលេងពានអឺរ៉ុប UEFA Euro 2024 នៅទឹកដីអាល្លឺម៉ង់ផងដែរ ប៉ុន្តែពួកគេបានធ្លាក់ចេញពីនៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយចាញ់ក្រុមជម្រើសជាតិស្វីស។ សូមជម្រាបថា លោក Luciano Spalletti ក៏ធ្លាប់បានដឹកនាំក្រុមជាច្រើននៅអ៊ីតាលីផងដែររួមមាន៖ Inter Milan, Roma ក៏ដូចជា Udinese និងក្រុម Zenit St Petersburg ដែលឈ្នះពាន Premier League របស់រុស្ស៊ីបាន ២លើកទៀតផង៕
ប្រភព៖ BBC