

(English) FIFA ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការពង្រីកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ដល់ចំនួន ៦៤ ក្រុមមុនពេលការពង្រីកចំនួន ៤៨ ក្រុមជាលើកដំបូងដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក, កាណាដា និងម៉ិកស៊ិក ។ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា៖ FIFA បានទទួលការណែនាំជាផ្លូវការដើម្បីឱ្យមានក្រុមចំនួន ៦៤ នៅ World Cup ឆ្នាំ ២០៣០ មុនពេលការប្រកួត ៤៨ ប្រទេសលើកដំបូងនៅឆ្នាំក្រោយ។ ប្រធានសមាគមបាល់ទាត់អ៊ុយរូហ្គាយលោក Ignacio Alonso បានបង្ហាញគំនិតនេះជាលើកដំបូងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកដែលមានវត្តមានចូលរួម។
ប្រធាន CONMEBOL លោក Alejandro Dominguez បានបង្ហាញវាម្តងទៀតនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ FIFA នៅទីក្រុងញូវយ៉ក ខាងក្នុងអគារ Trump Towers កាលពីថ្ងៃអង្គារ ទី ២៤ខែកញ្ញា ឆ្នាំ២០២៥។ មានឥស្សរជន និងអ្នកនយោបាយបាល់ទាត់កំពូលៗជាច្រើនមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយចូលរួម ដោយមិនរាប់បញ្ចូលប្រធានាធិបតីអាហ្សង់ទីន Javier Millei ។ CONMEBOL ចង់បានការប្រកួតដែលមានប្រទេសចំនួន ៦៤ សម្រាប់ការប្រារព្ធខួបមួយសតវត្សនៃការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងដែលធ្វើជាម្ចាស់ផ្ទះ និងឈ្នះដោយអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩៣០។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០គឺជាការប្រកួតដ៏ធំរួចទៅហើយជាមួយនឹងក្រុមចំនួន៤៨ក្រុមដែលរំពឹងថានឹងចូលរួមក្នុងការប្រកួតនៅទូទាំងទ្វីបចំនួន៣ ប្រទេសចំនួន ៦ និងកីឡដ្ឋានចំនួន១៩ ។ ម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្បាញបានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែដើម្បីជាកិត្តិយសនៃការប្រារព្ធពិធីគម្រប់ខួបមួយសតវត្ស FIFA បានពង្រីកសិទ្ធិធ្វើម្ចាស់ផ្ទះមួយចំនួនដល់អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ អ៊ុយរូហ្គាយនឹងធ្វើជាម្ចាស់ផ្ទះមួយប្រកួតក្នុងនាមជាម្ចាស់ផ្ទះ និងជាអ្នកឈ្នះការប្រកួតលើកដំបូង អាហ្សង់ទីនសម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងប៉ារ៉ាហ្គាយសម្រាប់ធ្វើជាម្ចាស់ផ្ទះរបស់ CONMEBOL ដែលជាសហព័ន្ធតែមួយគត់ដែលមានស្រាប់ក្នុងឆ្នាំ ១៩៣០។
គួររំឭកថា ព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដែលគ្រោងធ្វើនៅឆ្នាំក្រោយ នឹងក្លាយជាការប្រកួតលើកដំបូងដែលមានប្រទេសចំនួន ៤៨ ចូលរួម ច្រើនជាងការប្រកួតចំនួន៣២ក្រុម ដែលមានតាំងពីឆ្នាំ ១៩៩៨។ យោងតាម FIFA.com ទ្វីបអឺរ៉ុបមានកៅអីចំនួន១៦ អាហ្រ្វិក៩កៅអី អាស៊ីមាន៨ អាមេរិកខាងជើង៦ រួមទាំងម្ចាស់ផ្ទះទាំងបី។ អាមេរិកខាងត្បូងត្រូវបានគេទុកកៅអីចំនួន៦ និងអូសេអានី១ ខណៈដែលកៅអីពីរដែលនៅសល់នឹងត្រូវសម្រេចតាមរយៈការប្រកួតជម្រុះអន្តរទ្វីប។ គិតមកត្រឹមពេលនេះប្រទេសចំនួន ១៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ រួមទាំងក្រុមការពារជើងឯក អាហ្សង់ទីន ដែលបានបញ្ចប់នៅលើកំពូលតារាងនៃវគ្គជម្រុះនៅតំបន់ CONMEBOL៕