(English) ប្រធានបាល់ទាត់កុងហ្គោរត់គេចខ្លួនបន្ទាប់ពីត្រូវបានតុលាការ កាត់ទោសក្នុងសំណុំរឿងក្លែងបន្លំប្រាក់ FIFA ចំនួនជាង១លានដុល្លារ។ លោក Blaise Mayolas ថ្មីៗនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមជាមួយប្រពន្ធ និងកូនប្រុសរបស់គាត់ បន្ទាប់ពីបានកិបកេងប្រាក់ដែលផ្តល់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ តុលាការព្រហ្មទណ្ឌ Brazzaville ក៏បានរកឃើញផងដែរថា លោក Wantete Badji អគ្គលេខាធិការ FECOFOOT និងលោក Raoul Kanda ជាអ្នកគិតលុយ មានទោសពីបទលាងលុយកខ្វក់ ក្លែងបន្លំ ប្រើប្រាស់ឯកសារក្លែងក្លាយ និងកិបកេងប្រាក់ នៅថ្ងៃទី១០ ខែមីនា។ ការកាត់ក្តីព្រហ្មទណ្ឌបានអះអាងថា ប្រាក់ចំនួន ១,១ លានដុល្លារត្រូវបានកិបកេង ដោយភាគច្រើននៃប្រាក់នោះត្រូវបានបម្រុងទុកសម្រាប់មជ្ឈមណ្ឌលហ្វឹកហាត់ និងបាល់ទាត់នារី ក៏ដូចជាការសង្គ្រោះជំងឺកូវីដ-១៩។

អាជ្ញាធរកុងហ្គោបានបញ្ជាក់ថា ដីកាចាប់ខ្លួនអន្តរជាតិត្រូវបានស្នើសុំតាមរយៈប៉ូលីសអន្តរជាតិ បន្ទាប់ពីលោក Jean-Guy Blaise Mayolas និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនចេញពីប្រទេសមុនពេលការកាត់ក្តីរបស់ពួកគេ។ យោងតាម Soka25east លោក Mayolas ភរិយា និងកូនប្រុសរបស់គាត់បានភៀសខ្លួនចេញពីរដ្ឋធានីនៃប្រទេសនេះកាលពីប៉ុន្មានសប្តាហ៍មុនពេលចាប់ផ្តើមការស៊ើបអង្កេត ខណៈដែលពួកគេសង្ស័យថាប្រទេសនេះនឹងប្រកាសថាពួកគេមានទោស។ របាយការណ៍ខ្លះបានផ្សាយថា ប្រធានFECOFOOT កំពុងលាក់ខ្លួននៅក្នុងប្រទេសកាមេរូន ឬសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែទីតាំងបច្ចុប្បន្នរបស់គាត់នៅមិនទាន់ដឹងនៅឡើយ៕