(English) Pep Guardiola បំបែកកំណត់ត្រាពាន​រង្វាន់ EFL Cup
២៣-មិនា-២០២៦

(English) លោក Pep Guardiola បានក្លាយជាគ្រូបង្វឹកដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ English League Cup បន្ទាប់ពីដឹកនាំក្រុម Manchester City ទទួលបានជ័យជម្នះ ២-០ លើ Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន Wembley។  បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៥ ឆ្នាំរូបនេះទទួលបានជ័យជម្នះលើកទី ៥ នៅក្នុងការប្រកួតពានរង្វាន់ខាងលើ ដោយបានបំបែកកំណត់ត្រាគ្រូបង្វឹកដ៏ល្បីល្បាញមួយចំនួនដូចជា៖ លោក Brian Clough, Sir Alex Ferguson និង Jose Mourinho ដែលម្នាក់ៗឈ្នះពានរង្វាន់នេះ ៤ ដងឯណោះ។ ភាពជោគជ័យលើកដំបូងរបស់លោកក្នុងពានរង្វាន់ខាងលើ បានកើតឡើងនៅឆ្នាំ២០១៨ នៅពេលដែលក្រុម City បានយកឈ្នះ Arsenal ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ជ័យជម្នះនោះបានសម្គាល់ការចាប់ផ្តើមនៃរយៈពេលដ៏លេចធ្លោសម្រាប់ក្លិបដោយលោកបានបន្តដឹកនាំការឈ្នះពានរង្វាន់ជាច្រើន និងបង្កើតក្រុម ជាកម្លាំងដ៏រឹងមាំមួយនៅក្នុងបាល់ទាត់អង់គ្លេស។

គិតត្រឹមពេលនេះក្លិប Manchester City បានឈ្នះពានរង្វាន់ English League Cup ចំនួន ៩ ឈរលំដាប់ទីពីរនៅក្នុងតារាង បន្ទាប់ពីក្រុម Liverpool ក្នុងនាមជាក្រុមដែលឈ្នះពានរង្វាន់មួយនេះច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស។ កំណត់ត្រារបស់លោក ក្នុងការប្រកួតនេះបានបន្ថែមអំពីភាពលេចធ្លោរបស់លោក ដោយបានឈ្នះ ២៩ ក្នុងចំណោម ៣៩ ប្រកួត។ ឆ្លងកាត់ការប្រកួតទាំងនោះក្រុមរបស់លោករកបាន ៨៣គ្រាប់ ខណៈដែលរបូតត្រឹមតែ ២៦គ្រាប់ប៉ុណ្ណោះ។

ជ័យជម្នះថ្មីៗនេះក៏បានបន្ថែមទៅលើភាពជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ខណៈដែលក្រុម Manchester City បានឈ្នះពានរង្វាន់ខាងលើចំនួន ៤ លើកជាប់ៗគ្នារវាងឆ្នាំ ២០១៨ និង ២០២១ ដោយបានយកឈ្នះក្រុម Chelsea, Aston Villa, Tottenham Hotspur និង Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រជាប់ៗគ្នា៕