(English) អនាគតរបស់ Enzo Fernandez នៅ Chelsea ហាក់បីជាមានភាពស្រពិចស្រពិល ក្រោយក្រុមធ្លាក់ចេញពី UCL
១៨-មិនា-២០២៦

(English) បន្ទាប់ពីក្រុម Chelsea ត្រូវបាន Paris Saint Germain ទម្លាក់ចេញពីក្របខណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃអង្គារ៍​ អនាគតរបស់ខ្សែបម្រើ Enzo Fernandez ហាក់បីជាមានភាពស្រពិចស្រពិល ក្នុងការបន្តលេងឱ្យក្រុមតោខៀវរហូតដល់រដូវកាលក្រោយ ខណៈដែលរូបគេថាខ្លួនមិនទាន់ដឹងច្បាស់ទេថាតើអាចបន្តលេងរហូតដល់រដូវក្រោយ ឬយ៉ាងណានោះទ្បើយ។ Enzo Fernandez ដែលបានចូលរួមនឹង Chelsea កាលពីខែមករា ឆ្នាំ២០២៣ ក្នុងកំណត់ត្រាផ្ទេរដ៏ថ្លៃរបស់អង់គ្លេសចំនួន ១០៧ លានផោន (១២១ លានអឺរ៉ូ) ហើយរូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ១៥០ ប្រកួតផងដែរ។

យ៉ាងណា ទាក់ទងនឹងអនាគត់របស់ Enzo Fernandez រូបគេត្រូវបានស្ថាប័នសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាម៉េរិក EPSN សួរថា៖ តើអ្នកនឹងបន្តលេងឱ្យក្លិបរហូតដល់រដូវកាលក្រោយឬយ៉ាងណា…? កីទ្បាករវ័យ ២៥ ឆ្នាំរូបនេះបានឆ្លើយតបទៅវិញថា៖ ខ្ញុំមិនដឹងទេ។ នៅសល់ការប្រកួតចំនួន ៨ ទៀតក្នុងលីគ រួមទាំងពានរង្វាន់ FA Cup និង World Cup ហើយបន្ទាប់ពីនេះយើងនឹងរង់ចាំមើលទៅជាយ៉ាងណា។ នៅក្នុងរដូវកាលនេះ Enzo Fernandez បានបង្ហាញខ្លួនឱ្យក្រុមចំនួន ៤៥ លើករាល់គ្រប់កម្មវិធី ដោយរកបាន ១២ គ្រាប់ និងបញ្ចូលបាល់ឱ្យមិត្តរួមក្រុម ៦ លើក​។

គួរជម្រាបថា អំទ្បុងពេលលេងជាមួយនឹង Paris Saint Germain រូបគេត្រូវបានផ្លាស់ប្តូរចេញ បន្ទាប់ពីលេងអស់ ៦០ នាទីនៅឯកីទ្បដ្ឋាន Stamford Bridge ពេលក្រុមត្រូវបានក្លិបយក្សបារាំង ទម្លាក់ចេញពីក្របខណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃអង្គារ៍ ក្រោយប្រកួតចាញ់ទាំង ២ ជើងក្នុងលទ្ធផល ៨-២ ឯណោះ៕

ប្រភព៖ BBC