(English) យោងតាមសារព័ត៌មានកីឡា Diario Sport បានចេញផ្សាយ នាថ្ងៃពីថ្ងៃអង្គារទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្លិបបាល់ទាត់អាមេរិក MLS Chicago Fire បានដាក់សំណើផ្លូវការទិញខ្សែប្រយុទ្ធ Robert Lewandowski ពី FC Barcelona។ ប្រភពព័ត៌មានខាងលើដដែលបានឲ្យដឹងថា ក្លិបគ្រោងផ្តល់កិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងប្រាក់ខែខ្ពស់សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះ។ កន្លងមកក្លិប MLS បានទាក់ទងជាប្រចាំជាមួយខ្សែប្រយុទ្ធ Lewandowski និងភ្នាក់ងាររបស់គាត់គឺលោក Pini Zahavi ។ ពួកគេកំពុងសម្លឹងរកការចុះហត្ថលេខាលើ Lewandowski នៅរដូវក្តៅនេះ។

កិច្ចសន្យារបស់កីឡាករវ័យ ៣៧ ឆ្នាំជាមួយក្លិបអ្នកមានបុណ្យ ត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល។ ទោះបីជាមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងក៏ដោយ ប៉ុន្តែក្លិបយក្សអេស្ប៉ាញមួយនេះហាក់ដូចជាមិនមានផែនការជាក់លាក់ដើម្បីបន្តកុងត្រាថ្មីនោះទេ។ ផ្ទុយទៅវិញ ពួកគេចង់ទិញខ្សែប្រយុទ្ធសម្រាប់ផែនការរយៈពេលវែង។ Lewandowskiបានតាមពីក្រោយ Ferran Torres ក្នុងលំដាប់ខ្សែប្រយុទ្ធនៅ Barca ក្នុងរដូវកាលនេះ ដោយរកបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ ដងក្នុងការប្រកួតទាំងអស់៕
