ads
ជួបបញ្ហាហិរញ្ញវត្ថុ ក្លិប Terengganu FC ប្រើប្រាស់កីឡាករបរទេសតែ៤នាក់សម្រាប់រដូវកាលថ្មី
១៥-មិថុនា-២០២៥

ក្លិប Terengganu FC នឹងប្រើប្រាស់កីឡាករកូតាបរទេសច្រើនបំផុតត្រឹម៤នាក់ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាល ២០២៥/២០២៦ ខាងមុខនេះ។

លោក Mohd Fadhli Rahmi Zulkitfli ប្រធានផ្នែកកីឡារបស់ក្លិបខាងលើបានបញ្ជាក់ថា ការសម្រេចចិត្តប្រើប្រាស់កីឡាករបរទេសតែ៤នាក់ដោយសារ បញ្ហាហិរញ្ញវត្ថុ ហើយផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកបានបង្ហាញខ្លួនបានច្រើន។

លោកបានបន្តទៀតថា ក្រុមរបស់លោកមានបញ្ជីកីឡាករបរទេសដ៏មានសក្ដានុពលក្នុងបញ្ជីនាំចូលរួចហើយ ប៉ុន្តែអ្វីដែលនៅពិភាក្សានៅឡើយនោះគឺថាយកកីឡាកររូបណា ហើយតំបន់ណាក្នុងក្រុមដែលត្រូវការពង្រឹងជាចាំបាច់។

«យើងបានកាត់បន្ថយចំនួនកីឡាករបរទេសក្នុងរដូវកាលនេះដោយសារបញ្ហាហិរញ្ញវត្ថុ ដែលកីឡាករបរទេសត្រូវចំណាយច្រើន។ លើសពីនេះទៅទៀត យើងចង់ផ្ដល់ឱកាសឱ្យកីឡាករក្នុងស្រុកមានឱកាសលេង ជាជាងចំណាយលុយច្រើនលើសលប់លើកីឡាករបរទេស។»

«វាពិតជាប្រសើរជាង នៅពេលយើងចំណាយលុយយកកីឡាករក្នុងស្រុក ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយកីឡាករបរទេស។»

កាលពីរដូវកាលមុនក្រុមអណ្ដើកខ្មៅមួយនេះបញ្ចប់ចំណាត់ថ្នាក់លេខ៥ក្នុងលីគកំពូលម៉ាឡេស៊ី ដោយការប្រើប្រាស់កីឡាករបរទេស៦នាក់។ ក្នុងចំណោម៦នាក់មាននៅសល់តែកីឡាករសញ្ជាតិអ៊ូសបេគីស្ថាន Nurillo Tukhtasinov បានបន្តកុងត្រារួចហើយ ខណៈដែលកីឡាករ៥នាក់ផ្សេងទៀត ត្រូវផ្ដាច់កុងត្រាអស់ដោយសារប្រាក់ឈ្នួលខ្ពស់ពេក។

ads