(English) គណៈកម្មាធិការប្រតិបត្តិទាំងមូលនៃសមាគមបាល់ទាត់ម៉ាឡេស៊ី ដែលមានអណត្តិ ២០២៥-២៩ បានលាលែងពីតំណែងនៅថ្ងៃពុធទី២៨ ខែមករា ជុំវិញរឿងអាស្រូវពាក់ព័ន្ធទៅនឹងការប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីបញ្ជូនកីឡាករកើតនៅបរទេសទៅប្រកួតក្នុងវគ្គជម្រុះ Asian Cup។
លោក Yusoff Mahadi ប្រធានស្តីទីបានប្រាប់អ្នកយកព័ត៌មានថា ការលាលែងពីតំណែងនេះគឺដើម្បីការពារកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ស្ថាប័នរបស់ សមាគម និងដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាកអវិជ្ជមានបន្ថែមទៀតដែលអាចប៉ះពាល់ដល់បាល់ទាត់ម៉ាឡេស៊ីទាំងមូល។ លោកបន្តថា ការលាលែងពីតំណែង វានឹងផ្តល់ឱកាសសមស្របសម្រាប់ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី ដើម្បីវាយតម្លៃ ពិនិត្យ និងដោះស្រាយបញ្ហាអភិបាលកិច្ច រដ្ឋបាល និងនីតិវិធីនៅក្នុង FAM ដោយឯករាជ្យ។

ការលាលែងនេះបានធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករដែលកើតនៅបរទេសចំនួនប្រាំពីរនាក់នៅក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឱ្យបន្តការប្រកួតបណ្តោះអាសន្ន បន្ទាប់ពីតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានផ្អាកជាបណ្តោះអាសន្ននូវការហាមឃាត់ដែលដាក់ដោយ FIFA ខណៈពេលដែលការប្តឹងឧទ្ធរណ៍របស់ពួកគេកំពុងត្រូវបានពិនិត្យ។
FIFA បានព្យួរកីឡាករកើតនៅបរទេសចំនួនប្រាំពីរនាក់រយៈពេលមួយឆ្នាំនៅក្នុងខែកញ្ញា និងបានពិន័យជាប្រាក់ចំនួន ៤០០,០០០ ដុល្លារអាមេរិកដល់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ចំពោះការដាក់ឯកសារក្លែងក្លាយដោយអះអាងថាពួកគេមានដើមកំណើតម៉ាឡេស៊ី។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានចាប់ផ្តើមការស៊ើបអង្កេតបន្ទាប់ពីទទួលបានពាក្យបណ្តឹងបន្ទាប់ពីការឈ្នះ ៤-០ របស់ម៉ាឡេស៊ីលើវៀតណាមក្នុងវគ្គជម្រុះ Asian Cup កាលពីខែមិថុនា៕
