(English) Ramos ជិតក្លាយជាម្ចាស់ភាគហ៊ុនក្លិប Sevilla ហើយ
២៧-មករា-២០២៦

(English) Sergio Ramos បានបោះជំហានដ៏សំខាន់មួយដើម្បីក្លាយជាម្ចាស់ក្លិប Sevilla របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីមានកិច្ចព្រមព្រៀងបឋមជាមួយម្ចាស់ភាគហ៊ុនសំខាន់របស់ក្លិប។ Ramos បានចាកចេញពី Monterrey នៅចុងឆ្នាំ២០២៥ ដើម្បីស្វែងរកការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ ប៉ុន្តែខ្សែការពារអេស្ប៉ាញរូបនេះបានផ្លាស់ប្តូរជីវិតអាជីពរបស់គេភ្លាមៗ ដោយបន្តកាន់កាប់ក្លិបតែម្តង។

យោងតាម ​​Carrusel Deportivo ក៏បានឲ្យដឹងដែរថា អតីតប្រធានក្រុម Sevilla រូបនេះបានដាក់សំណើរដ៏រឹងមាំមួយ ជាមួយដៃគូអាជីវកម្មរបស់គេគឺលោក Martín Ink ដែលជាឥស្សរជនសំខាន់ម្នាក់នៅក្នុងក្រុម Five Eleven Capital។ ទោះបីមិនទាន់មានរបាយការណ៍ផ្លូវការ ប៉ុន្តែសំណើនេះ មានតម្លៃប្រហែលជាង ៥០០ លានដុល្លារឯណោះ។

Ramos នឹងទិញយកក្លិបដែលគេបានចាប់ផ្តើមអាជីពកាលឆ្នាំ ២០០៣ និង ២០០៥ មុនពេលផ្លាស់ទៅ Real Madrid។ បន្ទាប់ពីចំណាយពេលយូរនៅ PSG ខ្សែការពារដែលកើតនៅ Camas បានត្រលប់ទៅ Sevilla វិញសម្រាប់រដូវកាល ២០២៣-២៤ ដែលពង្រឹងចំណងអារម្មណ៍របស់គេជាមួយក្លិបបន្ថែមទៀត។

កាលពីដើមខែនេះ Ramos បានជួបប្រជុំជាមួយលោក Perez Solano និងម្ចាស់ភាគហ៊ុន ដែលគេបានគូសបញ្ជាក់ពីគម្រោង និងចក្ខុវិស័យរយៈពេលវែងរបស់គេសម្រាប់ Sevilla។ ការពិភាក្សា ដែលមានរយៈពេលជាងពីរម៉ោង ត្រូវបានទទួលជាវិជ្ជមាន ដែលបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងបច្ចុប្បន្នជាគោលការណ៍៕