(English) ក្លិប Besiktas បានបង់ប្រាក់ ១១,២ លានផោនទៅឱ្យ Roma សម្រាប់តម្លៃខ្លួនកីឡាករ Tammy Abraham មុនពេលក្លិបតួកគីមួយនេះលក់ទៅឱ្យ Aston Villa ។ កីទ្បាករសញ្ជាតិអង់គ្លេសរូបនេះក៏បានពិនិត្យសុខភាពនៅចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ បន្ទាប់ពីក្លិប Villa បានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន ១៨ លានផោនជាមួយក្រុម Super Lig រួចរាល់មក។
មែនទែនទៅ ក្លិប Besiktas មានកាតព្វកិច្ចទិញផ្តាច់ នៅអំឡុងកិច្ចសន្យាខ្ចី Abraham ពី Roma កាលពីរដូវកាលមុន ហើយមិនមានបំណងចង់លក់គេទេ ប៉ុន្តែកំពុងអនុញ្ញាតឱ្យគេត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដោយនៅមានចិត្តស្ទាក់ស្ទើរ។ Tammy Abraham ដែលបានបង្ហាញខ្លួនជាកីឡាករអង់គ្លេសចំនួន ១១ ដងរកបាន ១២ គ្រាប់ក្នុង ២៤ ប្រកួតសម្រាប់ក្លិប Besiktas។

កីទ្បាករវ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Roma ក្នុងតម្លៃខ្លួនប្រមាណ ៣៤ លានផោនពី Chelsea នៅក្នុងឆ្នាំ ២០២១ ហើយរូបគេរកបាន ៣៩ គ្រាប់ក្នុងចំណោម ១២០ ប្រកួត សម្រាប់ក្រុម Serie A ដោយឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ ២០២២ ។ មិនត្រឹមតែប៉ុណ្ណោះ Tammy Abraham ក៏បានចំណាយពេលលេងឱ្យក្លិប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរដូវកាល ២០២៤-២៥ ផងដែរ ដោយរូបគេរកបាន ១០ គ្រាប់ក្នុងចំណោម ៤៤ ប្រកួត៕
ប្រភព៖ BBC