(English) ការស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការប្រកួត Champions League កាលពីរាត្រីថ្ងៃពុធជួយឲ្យក្រុម Real Madrid យកឈ្នះ Monaco អតីតក្លិបរបស់ខ្លួនដោយលទ្ធផល ៦-១ បានធ្វើឲ្យ Kylian Mbappe តាមស្មើកំណត់ត្រា Ronaldo សម្រាប់គ្រាប់បាល់ច្រើនបំផុតក្នុងការប្រកួតចំនួន ៦ លើកក្នុងវគ្គចែកពូល។ Cristiano Ronaldo ធ្លាប់រកបាន១១គ្រាប់ក្នុងការប្រកួតវគ្គចែកពូលចំនួន ៦លើកក្នុងរដូវកាល ២០១៥-១៦ និងគ្រាប់បាល់សរុបមួយរដូវកាល ១៦ គ្រាប់ដែលបានជួយ Real Madrid លើកពាន។

ទោះយ៉ាងណាក៏ដោយ Mbappe នៅតែមិនទាន់អាចបំបែកកំណត់ត្រាគ្រាប់បាល់ក្នុងយុទ្ធនាការ Champions League មួយរដូវកាលរបស់ Ronaldo បានដែរ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះរកបាន១៧ គ្រាប់ក្នុងឆ្នាំ២០១៣-១៤នៅពេលដែល Los Blancos ត្រូវបានគ្រងតំណែងជាម្ចាស់ជើងឯកអឺរ៉ុបម្តងទៀត។
ហេតុអ្វី Mbappé សុំទោស Monaco? ទោះបីជា Mbappé រីករាយក្នុងការស៊ុតបញ្ចូលទីឱ្យក្រុមរបស់គាត់ និងតាមស្មើកំណត់ត្រា Ronaldo ក៏ដោយ គេក៏បានគិតគូរពី Monaco អតីតជាក្លិបដែលគាត់បានចាប់ផ្តើមអាជីពតាំងពីក្មេងជំទង់។ បន្ទាប់ពីស៊ុតបញ្ចូលទី Mbappé បានធ្វើកាយវិការទៅកាន់អ្នកគាំទ្រ Monaco ហាក់ដូចជាសុំការអភ័យទោស និងបង្ហាញថាគាត់នៅតែមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះក្រុមម្ចាស់ជើងឯក។

គួរំឭកថាចន្លោះខែធ្នូ ឆ្នាំ២០១៥ និងខែឧសភា ឆ្នាំ ២០១៧ Mbappé ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៦០ លើកសម្រាប់ Monaco ដោយជួយពួកគេឈ្នះពានរង្វាន់ Ligue 1 ក្នុងឆ្នាំ ២០១៦-១៧ នាំមុខ Paris Saint-Germain ដែលគេបានចូលរួមជាមួយនៅរដូវក្តៅបន្ទាប់៕