ads
មិនធម្មតាមែន! ISI បើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ថ្មី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ
០៦-មិថុនា-២០២៥

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដឹកនាំក្រុមការងារក្លិប និងកីឡាករ អញ្ជើញចូលរួម កម្មវីធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ របស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ។ ក្លិបមានមោទនភាពក្នុងការប្រកាសពីការចាប់ផ្តើមសាងសង់លើទីលានហ្វឹកហាត់ថ្មីដំបូងរបស់យើង។

គម្រោងទីលាននេះដែរ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០៣ ទីលាន មជ្ឃមណ្ធលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១ និង អគារស្នាក់នៅសម្រាប់យុវជន ចំនួន ០១ អគារ។ សម្រាប់ការសាងសង់ដំណាក់កាលទី១ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០២ ទីលាន មជ្ឃមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន ០១។ ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន ត្រូវបានរៀបចំឡើងដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ មានទីលានដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល។

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានប្រសាសន៍ថា៖ “នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ។ ទីលានហ្វឹកហាត់ថ្មីរបស់យើងនឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ”។

ការវិនិយោគនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លិបបាល់ទាត់ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។ ទីលានហ្វឹកហាត់នេះដែរមានមូលដ្ឋាននៅ ៖ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល៕

ads