(English) កីទ្បាការិនីជម្រើសជាតិជប៉ុន Hinata Miyazawa បានចុះកិច្ចសន្យាថ្មី ដែលមានរយៈពេលវែងជាមួយនឹងក្រុមបាល់ទាត់នារី Manchester United រហូតដល់ឆ្នាំ ២០២៩ ខណៈដែលកិច្ចសន្យាចាស់របស់នាងមានសុពលភាពត្រឹមខែមិថុនា ឆ្នាំ ២០២៦ ប៉ុណ្ណោះ។

ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះក៏ជាតួអង្គដ៏សំខាន់របស់ក្រុម ដែលនៅក្រោមការដឹកនាំរបស់អ្នកចាត់ការ លោក Marc Skinner ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ Hinata Miyazawa លេងឱ្យក្រុមជម្រើសជាតិនារីជប៉ុន ៥០ ប្រកួត និងបានឈ្នះស្បែកជើងមាស Golden Boot នៅ World Cup 2023 Women’s ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់។
នៅក្នុងរដូវកាលនេះ Hinata Miyazawa បានបង្ហាញខ្លួនឱ្យក្រុម United ចំនួន ២២ ប្រកួតគ្រប់កម្មវិធីទាំងអស់រួមមាន៖ Women’s Super League, Champions League និង League Cup ជាដើម។
យ៉ាងណា បន្ទាប់ពីចុះកិច្ចសន្យារយៈពេលវែងជាមួយនឹងក្រុមខាងលើ Hinata Miyazawa បានថ្លៃងប្រាប់សារព័ត៌មានរបស់ក្លិបថា៖ “ខ្ញុំពិតជារីករាយនឹងការលេងបាល់ទាត់នៅ Manchester United ហើយខ្ញុំពិតជារីករាយក្នុងការបន្តដំណើររបស់ខ្ញុំនៅទីនេះ” ៕

ប្រភព៖ BBC