(English) រយៈពេលជិតប្រាំមួយខែបន្ទាប់ពីមរណភាពរបស់ Diogo Jota កូនពីរនាក់របស់គេគឺ Dinis និង Duarte នឹងត្រូវបានគេផ្តល់ឱកាសឲ្យដើរចូលទៅក្នុងពហុកីឡដ្ឋាន Anfield ក្នុងនាមជាអ្នករើសបាល់ឱ្យកីឡាករឬអាជ្ញាកណ្តាល ក្នុងការប្រកួតរវាង Liverpool និង Wolves នៅរាត្រីថ្ងៃសៅរ៍នេះ។ នេះគឺជាកាយវិការដ៏ល្អមួយរបស់ Liverpool ដើម្បីគោរពដល់កីឡាករដែលបានទទួលមរណភាព។
យោងតាមកាសែត The Times ការគោរពវិញ្ញាណក្ខន្ធដ៏រំជួលចិត្តមួយកំពុងត្រូវបានរៀបចំនៅ Anfieldខណៈ Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolves ក្នុងការប្រកួតជុំទី១៨ក្របខណ្ឌ Premier League។ មុនពេលចាប់ផ្តើម កូនៗពីរនាក់របស់ Diogo Jota គឺ Dinis និង Duarte ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីលានកីឡដ្ឋាន Anfield ក្នុងនាមជាក្មេងរើសបាល់។ Jota ធ្លាប់លេងឱ្យក្លិបទាំងពីរនេះនៅក្នុងអាជីពរបស់គេ។

នៅរដូវកាលនេះ ក្រុមគ្រួសាររបស់ Diogo Jota បានចូលរួមទាំងការប្រកួតបើករដូវកាលរបស់ក្រុម Liverpool ទល់នឹងក្រុម Bournemouth និងការប្រកួតដំបូងរបស់ក្រុម Wolves ទល់នឹងក្រុម Manchester City។ នៅក្នុងការប្រកួតទាំងពីរ អ្នកគាំទ្រក្លិបបានសម្តែងការរំលឹក និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយខ្សែប្រយុទ្ធដែលបានស្លាប់ទៅតាមរយៈកាយវិការផ្សេងៗ។ គួររំឭកថា កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានបាត់បង់ជីវិតយ៉ាងសោកសៅនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ Liverpool សម្រាប់ការហ្វឹកហាត់មុនរដូវកាលរបស់ក្រុម។ ប្អូនប្រុសរបស់គាត់ André Silva ក៏បានស្លាប់នៅក្នុងហេតុការណ៍នេះដែរ។
សោកនាដកម្មនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី Jota បានរៀបការជាមួយដៃគូយូរអង្វែងរបស់គាត់ ដែលបង្កឱ្យមានការសោកសៅ និងការគោរពវិញ្ញាណក្ខន្ធនៅទូទាំងសហគមន៍បាល់ទាត់ពិភពលោក។ ក្រោយមក Liverpool FC បានសម្រេចចិត្តចូលនិវត្តន៍អាវលេខ ២០របស់គាត់ – លេខដែលគាត់បានពាក់ពេញមួយពេលវេលារបស់គាត់នៅ Anfield – ជាការគោរពវិញ្ញាណក្ខន្ធ និងការចងចាំរបស់គាត់នៅក្នុងក្លឹបជាអចិន្ត្រៃយ៍៕
