ads
(English) FIFA ទះកំផ្លៀងអ្នកអ្នកគាំទ្រ World CUP ២០២៦   
១២-ធ្នូ-២០២៥

(English) អ្នកគាំទ្របាល់ទាត់បានចោទប្រកាន់ FIFA ពីបទ ក្បត់ទំនុកចិត្តដ៏ធំសម្បើមបន្ទាប់ពីតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ដែលបានបើកលក់ចុងក្រោយបំផុត កាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែធ្នូ មានតម្លៃខ្ពស់កប់ពពក។  ស្ថាប័នគ្រប់គ្រងបាល់ទាត់បានបែងចែកសំបុត្រ៨ភាគរយទៅឱ្យសមាគមបាល់ទាត់របស់ប្រទេសនីមួយៗដែលមានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដើម្បីលក់ទៅឱ្យអ្នកគាំទ្រស្មោះត្រង់បំផុត។

អង្គការអ្នកគាំទ្របាល់ទាត់អឺរ៉ុប Football Supporters Europe (FSE) បានពណ៌នាអំពីតម្លៃបច្ចុប្បន្នថាថ្លៃហួសហេតុពេក។ អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការក្បត់ដ៏ធំសម្បើមនៃប្រពៃណីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយមិនអើពើពីការចូលរួមចំណែករបស់អ្នកគាំទ្រចំពោះការប្រកួតបាល់ទាត់ដ៏គួរឱ្យចាប់អារម្មណ៍នោះទេ។ ចំណែកឯសមាគមបាល់ទាត់អង់គ្លេសបានចែករំលែកព័ត៌មានអំពីតម្លៃសំបុត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា ប្រសិនបើអ្នកគាំទ្រម្នាក់ទិញសំបុត្រសម្រាប់រាល់ការប្រកួតពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ វានឹងមានតម្លៃជាង៧០០០ដុល្លារអាមេរិក។ សមាគមអ្នកគាំទ្របាល់ទាត់អង់គ្លេសបាននិយាយថាតម្លៃនេះវាគឺជាការទះកំផ្លៀងអ្នកគាំទ្រ។

ជាមួយគ្នានេះដែរ នៅក្នុងបញ្ជីមួយដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានបង្ហាញថា តម្លៃសំបុត្រមានចាប់ពី១៨០ដុល្លារអាមេរិក ដល់៧០០ ដុល្លារអាមេរិក សម្រាប់ការប្រកួតវគ្គចែកពូល។ តម្លៃទាបបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ New Jersey គឺ៤១៨៥ដុល្លារអាមេរិក ហើយតម្លៃខ្ពស់បំផុតគឺ៨៦៨០ដុល្លារអាមេរិក។សំបុត្រតម្លៃទាបបំផុត សម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ក្រុមអាល្លឺម៉ង់ទល់នឹងក្រុម Curacao ក្នុងទីក្រុង Houstonគឺ ១៨០ ដុល្លារអាមេរិក។  តម្លៃទាបបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ៩២០ ដុល្លារអាមេរិក ដែលកើនឡើងដល់ ១១២៥ ដុល្លារអាមេរិក៕

 

ads