(English) ទោះបីជាលទ្ធផលក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា Cambodia Premier League ហាក់បីជាពិបាកបន្តិចក៏ពិតមែន ប៉ុន្តែលោក Scott Cooper ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិបវិសាខា នៅតែគិតថាក្រុមអាចប្រជែងពានបានដដែល។ បច្ចុប្បន្ននេះក្រុមវិសាខាកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយមាន ១២ ពិន្ទុក្នុងចំណោម ១១ ប្រកួតដែលពួកគេបានលេងនៅក្នុងលីគកំពូលកម្ពុជា។
ទាក់ទងនឹងលទ្ធផលខាងលើ បុរសសញ្ជាតិអង់គ្លេសវ័យ ៥៥ ឆ្នាំរូបនេះបាននិយាយថា៖ «ចំពោះពានរង្វាន់លីគកំពូលកម្ពុជា គឺនៅតែអាចប្រជែងពានបានដដែល បើគិតគូរតាមការគណនាពិន្ទុ។ ជាការពិតណាស់ យើងស្មើ ៦ ដង គឺពិបាកក្នុងការឈ្នះពានរង្វាន់លីគកំពូល ប៉ុន្តែហេតុអ្វីយើងនៅតែអាច ដោយសារខ្ញុំតែងតែខំប្រឹង និងព្យាយាម ដើម្បីរកពិន្ទុនៅក្នុងលីគ។ ខ្ញុំមិនមែនជាប្រភេទគ្រូបង្វឹកដែលមកគិតតែឈ្នះពានសម្តេចមួយទេ ខ្ញុំក៏ផ្តោតទៅលើការព្យាយាមរកពិន្ទុ ដើម្បីរុញក្រុមទ្បើងទៅកំពូលតារាងផងដែរ។ អ្វីជារឿងសំខាន់គឺធ្វើការកែប្រែ និងអភិវឌ្ឍន៍ក្រុមឱ្យបានលឿនបំផុត។ យើងឃើញថាពិន្ទុនៅក្នុងតារាង គឺមិនអាចកុហកបានទេ»។

លោកបន្ថែមទៀតថា៖ «ការប្រកួតពានរង្វាន់សម្តេច គឺពាក់ព័ន្ធនឹងការប្រកួតមួយចំនួន បើយើងធ្វើបានល្អ យើងចេះតែទ្បើង និងបានឈ្នះហើយ ប៉ុន្តែលីគកំពូល យើងត្រូវការល្អឱ្យបានទៀងទាត់ ដើម្បីរកពិន្ទុជួយក្លិបឱ្យទ្បើងទៅកំពូលតារាង។ នេះជាអ្វីដែលខ្ញុំថាហេតុអ្វីយើងអាចឈ្នះពាន គឺខ្ញុំតែងតែព្យាយាម ខ្ញុំនៅតែមានមហិច្ឆតាចង់ឈ្នះលីគ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវតែកសាងទស្សនៈវិស័យរបស់ក្រុមបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស។ ខ្ញុំក៏មិនទទួលយកកីទ្បាករដែលផ្តោតទៅលើពានសម្តេចទេ ខ្ញុំត្រូវការកីទ្បាករដែលព្យាយាមទាំងពានលីគ និងពានសម្តេច ដោយសារខ្ញុំត្រូវការភាពល្អជាប់លាប់របស់កីទ្បាករ ដើម្បីរុញក្រុមឆ្ពោះទៅមុខ។ ខ្ញុំត្រូវការកីទ្បាករដែលមានមហិច្ឆតា ដើម្បីធ្វើការកែប្រែលទ្ធផលជូនក្លិបទាំងពានលីគ និងសម្តេច។ អ្វីដែលសំខាន់បំផុតនោះគឺការល្អទៀងទាត់ នេះជារឿងសំខាន់ដែលខ្ញុំត្រូវធ្វើ»។
នេះជាការលើកទ្បើងរបស់លោក Scott Cooper ដែលត្រូវបានក្លិបវិសាខា តែងតាំងជាគ្រូបង្វឹកផ្លូវការ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥៕
