ads
(English) ម្ចាស់ពាន Ballon d’Or ៣សម័យកាល បាក់ជើងអំទ្បុងពេលហ្វឹកហាត់ ធ្វើឱ្យអវត្តមានការប្រកួតដ៏សំខាន់នៅថ្ងៃស្អែក
០១-ធ្នូ-២០២៥

(English) ម្ចាស់ពានរង្វាន់ Ballon d’Or ៣សម័យកាល កីទ្បាការិនី Aitana Bonmati ដែលជាខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានរបួសបាក់ជើង អំទ្បុងពេលហ្វឹកហាត់ ដែលធ្វើឱ្យរូបគេខកខានការប្រកួតដ៏សំខាន់ ពេលលេងតទល់នឹងអាល្លឺម៉ង់ នាវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Women’s Nations League 2025 ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ Aitana Bonmati ដែលមានវ័យ ២៧ ឆ្នាំរូបនេះបានដួលយ៉ាងដំណំរហូតដល់បាក់ជើង នាពេលអំឡុងហ្វឹកហាត់នៅពេលព្រឹកជាមួយជម្រើសជាតិក្នុងទីលាន Las Rozas ស្ថិតក្នុងទីក្រុង Madrid កាលពីថ្ងៃអាទិត្យ ក្នុងការត្រៀមលក្ខណៈសម្បតិ្តលេងជើងទី ២ សម្រាប់ការប្រកូតខាងលើនេះ។

Bonmati បានលេងនៅនាទីទី ៧៧ នៃជើងទីមួយកាលពីថ្ងៃសុក្រមុន ដែលបានបញ្ចប់ដោយគ្មានគ្រាប់បាល់នៅក្នុង Kaiserslautern នៅឯប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញបានបញ្ជាក់ថា៖ តាមរយៈលទ្ធផលពិនិត្យពីក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា «Bonmati ត្រូវបានបាក់ឆ្អឹងនៅត្រង់ជើងខាងឆ្វេងរបស់នាង»។ Bonmati នឹងត្រលប់ទៅ Barcelona ដើម្បសម្រាកព្យាបាលរបួសខាងលើនេះ ដែលអាចជារឿងដ៏អាក្រក់មួយ សម្រាប់ការអវត្តមានរយៈពេលយូរក្នុងនាមកីឡាការិនីល្អមួយរូប។

សូមជម្រាបថា Aitana Bonmati បានក្លាយជាកីឡាការិនីដំបូងគេដែលឈ្នះ Ballon d’Or ៣សម័យកាល រួមទាំងឈ្នះពាន ៣ នៅក្នុងស្រុកជាមួយ Barca និងជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានឈានទៅវគ្គផ្តាច់ព្រ័ត្រ Euro 2025 ។  Bonmati ក៏ត្រូវបាន Uefa ជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Champions League ផងដែរ៕

ប្រភព៖ BBC

ads